(ប៉េកាំង)៖ Brexit នឹងមិនជះផលប៉ះពាល់អាក្រក់ដល់ទំនាក់ទំនងចិន-ចក្រភពអង់គ្លេសនោះឡើយ តែផ្ទុយទៅវិញនឹងផ្តល់ឱកាសក្នុងការបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃចំណងទ្វេភាគីរវាងប្រទេសទាំងពីរដែលនឹងកាន់តែប្រសើរជាងមុខទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីអង់គ្លេស។
រដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ដែលជាតំណាងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលោក Alok Sharma បានលើកឡើងថាការឈានជើងចាកចេញពីសហភាពអឺរ៉ុប បានបង្ហាញពីឱកាសជាច្រើនសម្រាប់ឲ្យចក្រភពអង់គ្លេស ធ្វើបង្កើនទំនាក់ទំនងក៏ដូចជាមិត្តជាមួយប្រទេសដទៃៗទៀតដូចជាចិនជាដើម។ «យើងទទួលបានឱកាសថ្មីដើម្បីចាប់កិច្ចសន្ទនាក៏ដូចជាពិភាក្សាជាមួយចិន ស្តីពីអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកយើងថាតើវានឹងមានរូបរាងបែបណានៅក្រោយពេលចាកចេញពីសហភាពអឺរ៉ុប» ដែលនេះគឺជាសម្តីរបស់លោក Sharma បន្ទាប់ពីបានបើកសម្ពោធមជ្ឈមណ្ឌលបំពេញបែបបទទិដ្ឋាការរបស់ចក្រភពអង់គ្លេសនៅឯទីក្រុង Fuzhou ក្នុងខេត្ត Fujian នៃប្រទេសចិន។
នៅក្នុងឱកាសនោះ លោក Alok Sharma ក៏បានធានាដល់បណ្តាវិនិយោគិនចិនទាំងឡាយផងដែរថា ចក្រភពអង់គ្លេសគឺជាកន្លែងដ៏ល្អបំផុតសម្រាប់បង្កើតមុខជំនួញក៏ដូចជាធ្វើពាណិជ្ជកម្ម ហើយនៅតែបើកចំហយ៉ាងទូលាយជានិច្ចចាំទទួលការវិនិយោគ ស្របពេលសេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបមួយនេះនៅតែបន្តមានភាពរឹងមាំឥតថមថយនោះឡើយ ទោះបីមានការបោះឆ្នោតប្រជាមតិស្តីពី Brexit កាលពីឆ្នាំមុនយ៉ាងណាក្តី។
គួរបញ្ជាក់ថាឆ្នាំ២០១៧នេះគឺជាខួបទី៤៥ឆ្នាំហើយនៃទំនាក់ទំនងការទូតទ្វេភាគីរវាងភាគីទាំងពីរ ហើយចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំទីពីររបស់ចក្រភពអង់គ្លេស ដែលស្ថិតនៅក្រៅសហភាពអឺរ៉ុប ខណៈចក្រភពអង់គ្លេសវិញគឺកន្លែងដែលមានការបណ្តាក់ទុនវិនិយោគពីសំណាក់ប្រទេសចិនច្រើនជាងប្រទេសណាណាទាំងអស់នៅអឺរ៉ុប៕