(វ៉ាស៊ីនតោន)៖ ក្រុមមេដឹកនាំធំៗនៅក្នុងជួរគណបក្សសាធារណៈរដ្ឋ បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយ ជុំវិញទំនាក់ទំនងរវាងអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។ ក៏ប៉ុន្តែទន្ទឹមគ្នានោះក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួន ក៏បានសម្ដែងការមិនពេញចិត្តនឹងការស៊ើបអង្កេតឯករាជ្យនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេតវិមាន លោក Michael Flynn បានម្រេចចិត្តលាលែងពីតំណែងកាលពីថ្ងៃចន្ទកន្លងទៅ បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធនឹងកិច្ចសន្ទានាតាមទូរស័ព្ទជាមួយអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោនស្ដីពីការដាក់ទណ្ឌកម្មនៃរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ប្រឆាំងនឹងទីក្រុងមូស្គូ មុននឹងលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ខណៈលោក ត្រាំ ផ្ទាល់ក៏បានដឹងពីបញ្ហានេះដែរ អស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ។ តែទោះបីយ៉ាងណា លោក Flynn បានបដិសេធចំពោះការចោទប្រកាន់នេះ។
គួរបញ្ជាក់ថាបើតាមកាសែត New York Times លោក Michael Flynn បាននិយាយទូរស័ព្ទជាមួយអគ្គរដ្ឋទូតរុស្ស៊ី លោក Sergei Kislyak យ៉ាងតិចណាស់ចំនួន០៥ដង។ រីឯប្រធានបទសំខាន់ដែលអ្នកទំាងពីរជជែកគ្នាគឺផ្តោតសំខាន់ទៅលើការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ប្រឆាំងទីក្រុងមូស្គូ សម្រាប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ដែលនេះត្រូវបានក្រុមអ្នកច្បាប់អាមេរិក ចាត់ទុកថាជាទង្វើខុសច្បាប់ត្បិតលោក Flynn បានដឹកនាំពិភាក្សាផ្នែកការទូតអាមេរិកជាឯកជនដោយខុសច្បាប់ មុននឹងលោកត្រូវបានតែងតាំងជាផ្លូវការជាទីប្រឹក្សាសន្តិសុខជាតិ៕