(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ បានច្រានចោលសេចក្ដីថ្លែងការណ៍រួមថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមរបស់ខ្លួន ដោយថែមទំាងបញ្ជាក់ឡើងវិញថា ការធ្វើតេស្ដមីស៊ីលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនគឺជាសិទ្ធិនៃអធិបតេយ្យភាពស្របច្បាប់ និងជាផ្នែកមួយនៃវិធានការការពារសុទ្ធសាធ។ នេះបើតាមស្ថានីយ៍ទូរស្សន៍កូរ៉េខាងជើង KCNA ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួមមានទាំងចិន ដែលជាខ្នងបង្អែកដ៏ធំរបស់លោក គីម ជុងអ៊ុន បានថ្កោលទោសជាឯកច្ឆ័នចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់កូរ៉េខាងជើង និងបានព្រមានដែរថា នឹងចាត់វិធានការបន្ថែមប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់ដូច្នេះថា «សមាជិកក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងខ្លំាង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង ដោយសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ត្បិតការបាញ់សាកល្បងទំាងនេះ គឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ លើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ »។
គួរបញ្ជាក់ថាបើតាមយោធាកូរ៉េខាងត្បូង ទីក្រុងព្យុយ៉ាងបានធ្វើតេស្ដមីស៊ីលផ្លោង Pukguksong-2 មានរយៈចម្ងាយនៅចន្លោះចម្ងាយរបស់ SLBM និងរបស់ Musudan។ មីស៊ីលផ្លោង SLBM របស់របបដឹកនាំទីក្រុងព្យុងយ៉ាងត្រូវបានគេជឿជាក់ថា មានរយៈចម្ងាយពីចន្លោះ ២,០០០គីឡូម៉ែត្រទៅ ២,៥០០ គីឡូម៉ែត្រ និងមីស៊ីលផ្លោង Musudan មានរយៈចម្ងាយពីចន្លោះ ៣,០០០គីឡូម៉ែត្រទៅ ៣,៥០០គីឡូម៉ែត្រ។ រីឯមីស៊ីលផ្លោង Pukguksong-2 ដែលទើបត្រូវបានអភិវឌ្ឍន៍ថ្មីប្រហែលមានរយៈចម្ងាយពី ២,៥០០គីឡូម៉ែត្រទៅ ៣,០០០គីឡូម៉ែត្រ៕