(គូឡាឡាំពួរ)៖ ប្រភពពីសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន ក្យូដូ បានឲ្យដឹងនៅមុននេះបន្តិចថា ស្ត្រីពីរនាក់ដែលជនសង្ស័យសម្លាប់បងប្រុសលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នោះទំនងជាបានស្លាប់អស់ហើយ ប៉ុន្តែសារព័ត៌មានមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ស្ត្រីជាជនសង្ស័យដែលអាជ្ញាធរម៉ាឡេស៊ីកំពុងតាមចាប់ខ្លួននោះឡើយ។ នេះបើតាមព័ត៌មានចេញផ្សាយ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
សារព័ត៌មានក្យូដូផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនបានរាយការណ៍ថា មានរបាយការណ៍មួយបញ្ជាក់ថា ជនសង្ស័យជាស្ត្រីពីរនាក់ (ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក គីម ជុងណាំ) ទំនងជាបានស្លាប់ ក៏ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុស្លាប់ឱ្យបានច្បាស់លាស់នោះទេ។ លោក គីម ជុងណំា គឺជាកូនប្រុសច្បង នៃអតីតមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល បានស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅតាមផ្លូវឆ្ពោះទៅកាន់មន្ទីរពេទ្យបន្ទាប់ពីលោកមានអាការៈមិនស្រួលខ្លួន នៅឯអាកាសយានដ្ឋានទីក្រុង Kuala Lumpur ជាទីដែលលោកត្រូវបន្តដំណើរទៅកាន់ទីក្រុងម៉ាកាវប្រទេសចិន នៅព្រឹកថ្ងៃដដែល។
គួរបញ្ជាក់ថាបើតាមស្ថានីយ៍ទូរទស្សន៍ខែ្សកាប TV Chosun លោក គីម ជុងណាំ មានអាយុ៤៦ឆ្នាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់ នៅអាកាសយានដ្ឋានក្នុងទីក្រុង Kuala Lumpur ដោយស្ត្រីពីរនាក់ដែល គេជឿជាក់ថាជាទីភ្នាក់ងារចារកម្មកូរ៉េខាងជើងទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន។ មួយវិញទៀត ប៉ូលិសម៉ាឡេស៊ីក៏បានឱ្យដឹងដែរថា លោក គីម ទំនងជាត្រូវបានមនុស្សម្នាក់យកសារធាតុពុលអ្វីមួយមកខ្ទប់មុខរបស់លោក ខណៈប្រភពមួយចំនួន អះអាងថាលោកត្រូវបានគេលួចចាក់បញ្ចូលថ្នាំពុលទៅក្នុងខ្លួន៕