(ហាណូយ)៖ វៀតណាមសន្យាថានឹងដោះស្រាយករណីភ្ញៀវទេសចរចិនម្នាក់ ដែលត្រូវបានមន្ត្រីព្រំដែនវៀតណាមវាយដំដោយអះអាងថា នេះគ្រាន់តែជាឧប្បដិហេតុប៉ុណ្ណោះ។ នេះបើតាមក្រសួងការបទេសវៀតណាម ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរក្រសួងការបទេសវៀតណាម នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ដូច្នេះថា «វៀតណាមនិងចិនជាប្រទេសជិតខាង ដែលមានទំនាក់ទំនងនឹងគ្នាជាលក្ខណៈប្រពៃណី នៅក្នុងបរិបទនៃកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ (...) អាជ្ញាធរវៀតណាម បានទទួលនូវលិខិតតវ៉ាពីភាគីចិនជុំវិញបញ្ហាកើតឡើងលើភ្ញៀវទេសចរចិនម្នាក់ នៅក្នុងទីក្រុង Mong Cai ហើយយើងនឹងដោះស្រាយឧប្បដិហេតុនេះ»។
គួរបញ្ជាក់ថាសេចក្ដីថ្លែងការណ៍របស់ទីក្រុងហាណូយ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ភ្ញៀវទេសចរណ៍ចិនម្នាក់ត្រូវបានមន្រ្តីព្រំដែនវៀតណាមវាយដំ នៅក្នុងទីក្រុង Mong Cai ស្ថិតនៅតំបន់ព្រំដែនភាគខាងជើងជាប់ជាមួយប្រទេសចិន៕