(វ៉ាស៊ីនតោន)៖ យោងតាមការស្ទង់មតិមួយចេញនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន) សំឡេងប្រជាពលរដ្ឋអាមេរិកដែលចូលរួមត្រូវបានបែងចែកយ៉ាងស្មើ ជុំវិញរបៀបដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងរយៈពេលបីសប្តាហ៍ដំបូងនេះនៅឯសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយផ្អែកលើការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន Fox News អ្នកចូលរួមដែលជាពលរដ្ឋអាមេរិកចំនួន «៤៧ភាគរយ» យល់ឃើញថារដ្ឋាភិបាលលោក ដូណាល់ ត្រាំ កំពុងខិតខំប្រឹងប្រែងបំពេញការងារលើបញ្ហាផ្សេងៗដែលនឹងជួយដល់ក្រុមគ្រួសាររបស់ពួកគេ ខណៈប្រជាជនអាមេរិក «៤៨ភាគរយ» ផ្សេងទៀតបានបង្ហាញការយល់ឃើញយ៉ាងផ្ទុយស្រឡះ។
គួរបញ្ជាក់ថាការស្ទង់មតិខាងលើរបស់ Fox News ត្រូវបានធ្វើឡើងដោយការសម្ភាសន៍ជាមួយអ្នកមានសិទ្ធិបោះឆ្នោតចំនួន១,០១៣នាក់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យនៅទូទាំងសហរដ្ឋអាមេរិក និងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តីយើងសង្កេតឃើញថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យលោក ត្រាំ ភាគច្រើនមិនមានអ្វីងឿងឆ្ងល់ ឬប្រឆាំងចំពោះបទបញ្ជា រួមទាំងការដឹកនាំរបស់អតីតមហាសេដ្ឋីរូបនេះឡើយ បើទោះបីជាសារព័ត៌មានទូទាំងពិភពលោក ព្យាយាមចុះផ្សាយមិនល្អពីលោក ត្រាំ ក៏ដោយ៕