(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការចោទប្រកាន់របស់អាមេរិកថា ការបញ្ជាយន្តហោះចម្បាំងរុស្ស៊ី ទៅកៀកនឹងនាវាពិឃាតអាមេរិកនៅតំបន់ដែនសមុទ្រខ្មៅកាលពីពេលថ្មីៗនេះ គឺមិនមែនជាទង្វើខុសឆ្គង ឬជាការបង្កហេតុអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងការពារជាតិអាមេរិកបានចោទយន្តហោះចម្បាំងរុស្ស៊ីថា បានហោះមកកៀកនឹងនាវាពិឃាតរបស់ខ្លួននៅដែនសមុទ្រខ្មៅ ប្រកបដោយលក្ខណៈគ្រោះថ្នាក់ និងគ្មានជំនាញទាល់តែសោះ ខណៈដែលនាវាអាមេរិកខាងលើនេះកំពុងតែបំពេញប្រតិបត្តិការល្បាតជាធម្មតា។ យន្តហោះចម្បាំងរបស់រុស្ស៊ីមួយចំនួនបានហោះកៀកនឹងនាវាពិឃាតអាមេរិកឈ្មោះ USS Porter កាលពីថ្ងៃទី១០ ខែកុម្ភៈចុងសប្តាហ៍មុន។
គួរបញ្ជាក់ថាយន្តហោះចម្បាំងរុស្ស៊ី ដែលបានហោះឆ្វែលនាវាអាមេរិកនោះគឺ supersonic Su-24 ចំនួនពីរគ្រឿង។ រុស្ស៊ីបានបញ្ជាក់ថា ក្រុមយន្តហោះចម្បាំងរបស់ខ្លួនតែងតែធ្វើការហោះល្បាតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីតំបន់ឆ្នេរដែលវាជារឿងធម្មតា មិនមានអ្វីជាការគំរាមកំហែងដល់នរណាឡើយ៕