(ម៉ូស្គូ)៖ វែបសាយបញ្ចេញព័ត៌មានសម្ងាត់ដ៏ល្បី WikiLeaks បានចេញមុខអំពាវនាវឲ្យក្រុម Hackers ទាំងអស់បញ្ចេញនូវខ្លឹមសារទាំងស្រុងនៃរាល់កិច្ចសន្ទនាតាមរយៈប្រព័ន្ធទូរស័ព្ទរវាងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Flynn និងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Sergey Kislyak កាលពីមុនពេលលោក ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងជាផ្លូវការ ឲ្យមនុស្សជាសាធារណបានដឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ភាពចម្រូងចម្រាស់ដែលបាននាំឲ្យឈានដល់ ការលាលែងពីតំណែងរបស់លោក Michael Flynn បានចាប់ផ្តើមនៅពេលដែលនរណាម្នាក់ បានធ្វើឲ្យបែកធ្លាយនូវព័ត៌មានដែលថារូបលោក Flynn បានសន្ទនាគ្នាជាមួយមន្រ្តីរបស់ប្រទេសរុស្ស៊ីដោយសម្ងាត់ ជុំវិញការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដោយរដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។
នាពេលនេះគេហទំព័រ WikiLeaks បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter យ៉ាងដូច្នេះថា «ខ្លឹមសារសន្ទនារវាងលោក Flynn និងលោក Kislyak ដែលក្រុម Hacker បានស្ទាក់ចាប់យកបានគួរតែចេញផ្សាយទៅកាន់សាធារណៈ ដើម្បីឲ្យមនុស្សរាល់គ្នាអាចធ្វើសកម្មភាពណាមួយ ប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ»។
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) លោក Michael Flynn បានប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការចាកចេញពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិ ស្របការដែលភាពចម្រូងចម្រាសកាន់តែកើនឡើងយ៉ាងក្តៅគគុកជុំវិញព័ត៌មានដែលត្រូវបានបែកធ្លាយដល់ដៃប្រព័ន្ធផ្សព្វផ្សាយអំពីកិច្ចសន្ទនាសម្ងាត់រវាងលោកនិងលោកឯកអគ្គរដ្ឋទូតរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៦។ ភ្លាមៗនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសតែងតែងលោក Joseph Keith Kellogg ជាប្រធានស្តីទីនៃទីប្រឹក្សាសន្តិសុខជាតិអាមេរិកបណ្តោះអាសន្នសិន។
ដោយឡែកវិមានក្រិមឡាំងនៃរដ្ឋាភិបាលរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានដែលចុះផ្សាយយ៉ាងព្រោងព្រាតថា លោក Michael Flynn ដែលជាមន្ត្រីកំពូលក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ នោះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលទីក្រុងម៉ូស្គូ៕