(វ៉ាស៊ីនតោន)៖ រុស្ស៊ីបានលួចដាក់ពង្រាយប្រព័ន្ធគ្រូសមីស៊ីល (Cruise Missile) ប្រភេទថ្មីដោយរំលោភបំពានលើសន្ធិសញ្ញាគ្រង់គ្រងការប្រើប្រាស់អាវុធជាមួយសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត New York Times ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមការអះអាងរបស់សេចក្តីរាយការណ៍ខាងលើ ការដាក់ពង្រាយនៃប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម SSC-8 សម្រាប់បាញ់ចេញពីផ្ទៃដី ដែលមានសមត្ថភាពធ្វើប្រតិបត្តិការយ៉ាងពេញលេញនេះ បានបង្កជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។
ដោយដកស្រង់ពីសម្តីពីមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក សារព័ត៌មាន New York Times បានអះអាងថា ឥឡូវនេះរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធគ្រូសមីស៊ីល ដែលត្រូវបានហាមឃាត់នេះចំនួនពីរគ្រាប់ ដោយមួយគ្រាប់ស្ថិតនៅកន្លែងធ្វើតេស្តមីស៊ីល Kapustin Yar ក្បែរទីក្រុង Volgograd ភាគខាងត្បូងប្រទេស ខណៈមួយគ្រាប់ទៀតត្រូវបានបញ្ជូនចេញពីទីតាំងនោះកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ទៅកាន់មូលដ្ឋានប្រតិបត្តិការផ្សេងទៀតនៃប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៤ រដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានចោទប្រកាន់រុស្ស៊ីថា បានធ្វើការសាកល្បងមីស៊ីលប្រភេទនេះ ដោយបំពានលើសន្ធិសញ្ញាឆ្នាំ១៩៨៧ផងដែរ ដែលកាលនោះអតីតមេដឹកនាំអាមេរិកលោក Ronald Reagan និងអតីតមេដឹកសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) លោក Mikhail S. Gorbachev បានចុះហត្ថលេខាព្រមព្រៀងគ្នាលើសន្ធិសញ្ញា INF ដែលដាក់បំរាមហាមឃាត់ចំពោះមីស៊ីលផ្លោងរយៈចម្ងាយមធ្យមសម្រាប់បាញ់ចេញពីផ្ទៃដីនៅក្នុងប្រទេសទាំងពីរ។ ដោយឡែកមកទល់ពេលនេះរុស្ស៊ីមិនទាន់បានធ្វើការឆ្លើយតបណាមួយជុំវិញសេចក្តីរាយការណ៍របស់ការសែត New York Times ឡើយ៕