(ម៉ូស្គ)៖ ប្រទេសរុស្ស៊ីកំពុងតែបង្អួតសម្ញែងពីសព្វាវុធទំនើបៗប្រមាណ ៣០០ប្រភេទនៅឯពិពណ៌អាកាសចរណ៍អន្តរជាតិ Aero India ឆ្នាំ២០១៧ ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Bengaluru នៃប្រទេសឥណ្ឌាចាប់ពីថ្ងៃទី១៤-១៨ ខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថាសម្ភារៈយោធាក៏ដូចជាសព្វាវុធប្រហែល៣០០ប្រភេទ សម្រាប់អតិថិជនបរទេសមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងត្រូវដាក់បង្ហួតបង្ហាញនៅឯពិពណ៌អាកាសចរណ៍ Aero India 2017 ហើយយន្តហោះចម្បាំងដែលមានសមត្ថភាពចម្រុះ Su-30MKI, យន្តហោះដឹកជញ្ជូនយោធា II-76MD-90A, យន្តហោះចុះលើផ្ទៃទឹក Be-200, និងឧទ្ធម្ភាគចក្រធុនមធ្យម Ka-226T សុទ្ធតែស្ថិតនៅក្នុងប្រភេទដែលទំនងជានឹងទទួលបានជោគជ័យជាងគេ នៅក្នុងការបង្ហាញសម្រាប់អតិថិជនបរទេស។
ក្រៅពីនេះអតិថិជនទាំងឡាយក៏ត្រូវបានគេរំពឹងថានឹងបង្ហាញការចាប់អារម្មណ៍ទៅលើប្រព័ន្ធសព្វាវុធដ៏ទំនើបៗផ្សេងទៀតដូចជាប្រព័ន្ធមីស៊ីលការពារអាកាស S-400, ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំង Pantsir-S1, និងប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង Igla-S ផងដែរ។
គួរបញ្ជាក់ថានៅក្នុងប្រព័ន្ធសព្វាវុធមួយចំនួន ដែលកំពុងដាក់បង្អួតនិងសម្ញែងនៅក្នុងពិពណ៌ខាងលើ ត្រូវបានប្រើប្រាស់នៅក្នុងអំឡុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី និងត្រូវបានគេមើលឃើញយ៉ាងជាក់ស្តែងថា គឺជាប្រព័ន្ធដែលអាចជឿទុកចិត្តបានពិតប្រាកដមែន៕