(ម៉ូស្គូ)៖ វិមានក្រិមឡាំងនៃរដ្ឋាភិបាលរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានដែលចុះផ្សាយយ៉ាងព្រោងព្រាតថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Flynn ដែលជាមន្ត្រីកំពូលក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ នោះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ នេះបើតាមការដកស្រង់ការផ្សាយពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ថាពីវិមានក្រិមឡាំងបានបញ្ជាក់នៅថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា «ការលាលែងចេញពីតំណែងរបស់លោក Michael Flynn ប្រធានទីប្រឹក្សាសន្តិសុខជាតិអាមេរិក គឺជារឿងផ្ទៃក្នុងរបស់ទីក្រុងវ៉ាស៊ីនតោនសុទ្ធសាធ ដោយវាមិនបានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីនោះឡើយ»។
គួរបញ្ជាក់ថាលោក Michael Flynn ប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលជាស្ថាប័នកំពូលមួយរបស់រដ្ឋនោះ បានលាលែងចេញពីតំណែងនៅល្ងាចថ្ងៃចន្ទ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បន្ទាប់ពីបានលេចធ្លាយបញ្ហាដ៏រសើបមួយចំនួន ពាក់ព័ន្ធនឹងការលួចធ្វើទំនាក់ទំនងសម្ងាត់ជាមួយមន្ត្រីរុស្ស៊ី។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសតែងតែងលោក Joseph Keith Kellogg ជាប្រធានស្តីទីនៃទីប្រឹក្សាសន្តិសុខជាតិអាមេរិក ភ្លាមៗបន្ទាប់លោក Michael Flynn ប្រកាសលាលែងពីតំណែងរបស់ខ្លួន៕