(ស៊ីដនី)៖ មហាសេដ្ឋីរ៉ែលោក Clive Palmer បាននិយាយថា លោកមានគំរោងដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្ត ៧.៧លានដុល្លារអាមេរិក ពីនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull សម្រាប់បទបរិហារកេរ្តិ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
បើតាមអតីតសមាជិកសភាអូស្ត្រាលី លោក Clive Palmer បន្ទាប់ពីក្រុមហ៊ុនរបស់លោកឈ្មោះ Queensland Nickel បានក្ស័យធនកាលពីដើមឆ្នាំ ២០១៦ លោក Malcolm Turnbull បានធ្វើការអត្ថាធិប្បាយមួយចំនួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ហើយលោកក៏មានគំរោងដាក់ពាក្យប្ដឹងទាមទារសំណងជំងឺចិត្ត ១៩១,៩០០ដុល្លារអាមេរិកពីរដ្ឋមន្ត្រីការងារ លោក Michaelia Cash ផងដែរ។
លោក Palmer លើកឡើងដូច្នេះថា «ពួកគេបាននិយាយកុហុកអំពីប្រជាជនអូស្ត្រាលីពីក្រុម Queensland Nickel និងតួនាទីរបស់ខ្ញុំនៅក្នុងក្រុមហ៊ុននេះ។ ពួកគេបាននិយាយបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ ដល់សាធារណជន ហើយអ្វីដែលពួកគេបានធ្វើគឺក្រោមហេតុផលនយោបាយ»។
គួរបញ្ជាក់ថាលោក Clive Palmer អាចនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង Brisbane នៅថ្ងៃពុធស្អែកនេះ ជាទីដែលលោកនឹងត្រូវបានគេសាកសួរពីរឿងក្ស័យធនក្រុមហ៊ុន Queensland Nickel ដែលបានជំពាក់បំណុល ២៣០លានដុល្លារ និងបន្សល់ទុកបុគ្គលិក ៨០០នាក់គ្មានការងារធ្វើ៕