(បាងកក)៖ រាប់ចាប់ពីការទាមទារឲ្យធ្វើការកែប្រែរដ្ឋធម្មនុញ្ញ រហូតដល់ការជំរុញឲ្យមានការបង្រួបបង្រួមជាតិនៅក្នុងប្រទេសដែលបែកបាក់គ្នានេះ ក៏ដូចជាការផ្លាស់ប្តូរសមាសភាពមន្រ្តីនៅក្នុងការិយាល័យកិច្ចការព្រះរាជវាំង មនុស្សគ្រប់គ្នាបានមើលឃើញជាក់ស្តែងថា ព្រះមហាក្សត្រថៃថ្មីកំពុងបង្ហាញពីកិត្យានុភាពដ៏អង់អាចនៅក្នុងរជ្ជកាលគ្រប់គ្រង់របស់ព្រះអង្គ មិនឲ្យចាញ់ព្រះបិតានោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channe News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ចាប់តាំងពីព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅបន្តពីព្រះបិតាទ្រង់គឺ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត មកព្រះបាទ មហា វិច្ឆិរ៉ាឡុងកង បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់រដ្ឋាភិបាលយោធាថៃ ដែលកំពុងតែដឹកនាំប្រទេសថា ព្រះអង្គនឹងមិនគង់តែនៅពីក្រោយខ្នងក្នុងនាមជាប្រមុខដឹកនាំនៃរដ្ឋធម្មនុញ្ញប៉ុណ្ណោះឡើយ។
ទោះបីជាព្រះមហាក្សត្រថៃបច្ចុប្បន្ន មិនធ្លាប់ទទួលបានការស្រឡាញ់ពេញចិត្តជាសាធារណៈដូចព្រះបិតាទ្រង់យ៉ាងណាក្តី ក៏ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ជាមួយការសិក្សាមកពីសាលាយោធា និងមានបទពិសោធន៍ប្រយុទ្ធឆាំងនឹងក្រុមបះបោរកាលពីទសវត្សរ៍ឆ្នាំ១៩៧០ នៅតែទទួលបានការរគោរពពីសំណាក់យោធាដែរ។ តួយ៉ាងរាល់ពេលចូលគាល់ព្រះអង្គដែលជាព្រះមហាក្សត្រថៃម្តងៗ មន្រ្តីជាន់ខ្ពស់យោធាថៃបានឱនលំទោននិងក្រាបដល់ៗដី ដើម្បីសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះទ្រង់ ហើយនៅពេលព្រះរាជវាំងស្នើឲ្យធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលថៃបានគោរពប្រតិបត្តិតាមភ្លាមៗ។
ចំណែកឯនៅក្នុងការិយាល័យកិច្ចការព្រះរាជវាំងវិញកំពុងត្រូវបានផ្លាស់ប្តូរ ដោយការតែងតាំងក៏ដូចជាការដំឡើងតំណែងចំនួន២០ត្រូវបានធ្វើឡើងដោយព្រះមហាក្សត្រថៃថ្មីអង្គនេះ ហើយវាក៏រួមបញ្ចូលទាំងការរុះរើសមាសភាពសមាជិកជាន់ខ្ពស់ នៃមន្រ្តីការិយាល័យរាជ្យវាំងផងដែរ ដោយបុគ្គលជាច្រើនរូបក្នុងចំណោមនោះបានកាន់តួនាទីរៀងៗខ្លួនអស់រយៈពេលរាប់ទសវត្សរ៍មកហើយ នៅក្រោមរជ្ជកាលគ្រប់គ្រងរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងការដំឡើងតំណែងមន្រ្តីយោធាទាំងឡាយណាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្តេចថ្មី។
ដោយឡែកលោក Prem Tinsulanonda នៅតែបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាជំនិតនៃព្រះមហាក្សត្រដដែល ប៉ុន្តែសមាជិកពាក់កណ្តាលផ្សេងទៀតគឺជាសមាសភាពថ្មី។ សមាជិកថ្មីចំនួន០៦រូបដែលត្រូវបានតែងតាំងដោយព្រះបាទ មហា វិច្ឆិរ៉ាឡុងកន សុទ្ធតែមានសាវតានៅក្នុងកងការពារព្រះមហាក្សត្រ ដែលជាកន្លែងព្រះអង្គធ្លាប់បំពេញព្រះរាជកិច្ច។
ម៉្យាងវិញទៀតកាលពីសប្តាហ៍មុននេះ ព្រះរាជាថៃអង្គនេះបានតែងតាំងសម្តេចព្រះសង្ឃរាជថ្មីថែមទៀតផង ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងតំណែងនេះ ដែលបានអូសបន្លាយពេលវេលាអស់មិនក្រោមមួយឆ្នាំឡើយនោះ បន្ទាប់ពីសភាជាតិថៃបានប្រគល់សិទ្ធិអំណាចក្នុងការសម្រេចចិត្តលើរឿងនេះទៅឲ្យមហាក្សត្រវិញ។
គួរបញ្ជាក់ថា ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ក៏ធ្លាប់បានលើកឡើងពីការរួបរួមសាមគ្គីគ្នានៅក្នុងប្រទេសដែលបែកបាក់គ្នានេះផងដែរ កាលពីអំឡុងពេលថ្លែងរាជសារថ្ងៃចូលឆ្នាំសកល និងអំឡុងជំនួបពេលរាត្រីមួយជាមួយមេដឹកនាំប្រទេសថៃបច្ចុប្បន្នគឺនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចារ កាលពីខែមករាកន្លងទៅនេះផងដែរ ប៉ុន្តែសំណួរដ៏សំខាន់បំផុតនោះគឺថាតើអ្វីនឹងកើតឡើងយ៉ាងពិតប្រាកដ នៅពេលការប្រកួតប្រជែងផ្នែកនយោបាយបន្តប្រព្រឹត្តទៅសាជាថ្មីនោះ បន្ទាប់ពីត្រូវបានផ្អាកកាលពីការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០១៤៕