(វិទ្យាសាស្រ្ត)៖ ទិន្នន័យទទួលបានពីផ្កាយរណបរបស់ភ្នាក់ងារអវកាស NASA បានបង្ហាញឲ្យឃើញថា នាដើមឆ្នាំ២០១៧នេះ តំបន់មួយចំនួននៃផែនដីបានទទួលរងគ្រោះ ដោយគ្រោះមហន្តរាយរញ្ជួយដី និងព្យុះភ្លៀងជាច្រើនគួរឲ្យកត់សំគាល់នាដើមឆ្នាំ២០១៧នេះ ដោយក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការអះអាងថា បាតុភូតទាំងនេះត្រូវបានបង្កើតឡើងដោយកត្តាបំពុលបរិយាកាស ជាហេតុនាំឲ្យមានការកើនឡើងនៃកម្តៅរបស់ផែនដី។
យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារអវកាសណាសា បានឲ្យដឹងទៀតថារយៈពេលប៉ុន្មានកន្លងមកនេះកម្រិតទឹកភ្លៀង ឬព្យុះភ្លៀងព្រមទាំងបាតុភូតរញ្ជួយដីបានកើនឡើងជាលំដាប់ ដោយក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា បណ្តាលមកពីការបំពុលបរិយាកាសរបស់មនុស្ស ដែលបានធ្វើឲ្យអាកាសធាតុរបស់ភពផែនដីប្រែប្រួល ព្រមទាំងកម្តៅកើនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែងក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យឃើញថា ព្យុះភ្លៀងជាច្រើនដែលបានកកើតឡើងនៅដើមឆ្នាំ២០១៧នេះ ត្រូវបានបង្កមកពីកម្តៅនៃភពផែនដីដែលបានកើនឡើងគួរឲ្យកត់សំគាល់ក្នុងរយៈប៉ុន្មានឆ្នាំមកនេះ។ ជាមួយគ្នានេះដែរក្រុមអ្នកវិទ្យាសាស្រ្តបានបន្តទៀតថា កាលណាកម្តៅផែនដីកាន់តែក្តៅខ្លាំង សម្ពាធខ្យល់ក៏កាន់តែខ្លាំង ហើយ «ការធ្វើរំហួតទឹកពីមហាសមុទ្រក៏មានកម្រិតកើនឡើងផងដែរ» ដែលការធ្វើរំហួតទឹកដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បង្កបានជាព្យុះភ្លៀងខុសរដូវជាច្រើនគួរឲ្យភ្ញាក់ផ្អើល។
គួរបញ្ជាក់ដែរថាក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្រមានថា នៅក្នុងឆ្នាំនេះនឹងអាចមានភ្លៀងច្រើនជាងឆ្នាំមុនៗ ព្រមទាំងអាចមានគ្រោះទឹកជំនន់នៅតំបន់ទំនាបមួយចំនួននៃពិភពលោក ដោយសារតែកម្តៅផែននៅតែបន្តកើនឡើង ដែលអាចបណ្តាលឲ្យមានការរំហួតខ្លាំង និងការរលាយទឹកកកនៅតំបន់ប៉ូលក្នុងកម្រិតដ៏គួរឲ្យព្រួយបារម្ភមួយ៕