(ស៊ីដនី)៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Bob Hawke បានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីទទួលស្គាល់ជាផ្លូវការនូវប៉ាឡេស្ទីនខាងផ្នែកការទូត ចំពោះមុខដំណើរទស្សនកិច្ចដែលជិតនឹងមកដល់ពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាងហ៊ូ ដែលមានជំហរប្រឆាំងប៉ាឡេស្ទីនយ៉ាងដាច់ខាតបំផុតនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រៅពីការអំពាវនាវខាងលើនេះ លោក Hawke ក៏បានបង្ហាញជំហររិះគន់ធ្ងន់ៗរបស់លោកផងដែរ ទៅលើរដ្ឋាភិបាលអ៊ីស្រាអែល ជាពិសេសការសម្រេចចិត្តសាងសង់លំនៅឋាន ២.៥០០ខ្នងបន្ថែមទៀតទៅលើដែនដីវែសត៍ប៊ែង របស់ប៉ាឡេស្ទីន ដែលទង្វើនេះត្រូវបានអតីតមេដឹកនាំកំពូលអូស្ត្រាលីរូបនេះចោទប្រកាន់ថាជាការ «មើលងាយ» ដល់អង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលរបស់អន្តរជាតិ។
លោក Hawke បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អូស្ត្រាលីក៏ធ្លាប់ស្ថិតនៅក្នុងតំណាក់កាលនោះដែរកាលពីដំបូងបំផុត។ អ្វីដែលយើងគួរតែធ្វើនៅពេលនេះ គឺចំពោះមុខពេលវេលាដ៏ចាំបាច់បំផុត ហើយយើងត្រូវតែធ្វើទៅតាមអ្វីដែលប្រទេសចំនួន ១៣៧ បានធ្វើរួចមកហើយ នោះគឺការទទួលស្គាល់ផ្នែកការទូតដល់រដ្ឋប៉ាឡេស្ទីន»។ គួរបញ្ជាក់ថាកាលពីខែមករាលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop ក៏ធ្លាប់បានបង្ហាញក្តីព្រួយបារម្ភចំពោះគំរោងសាងសង់លំនៅឋានរបស់អ៊ីស្រាអែលផងដែរ ប៉ុន្តែលោកស្រីបានបដិសេធមិនធ្វើការថ្កោលទោសអ៊ីស្រាអែលនោះឡើយ៕