(ញូដេលី)៖ តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានកាត់ទោសអនាគតមេដឹកនាំរដ្ឋ Tamil Nadu គឺលោកស្រី VK Sasikala ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ក្រោយពីបានរកឃើញថាលោកស្រីបានប្រព្រឹត្តអំពើពុករលួយលើគ្រប់គ្រងថវិការដ្ឋមិនត្រឹមត្រូវ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នារសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ការចោទប្រកាន់ខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធនឹងការរួមផ្សំគំនិតរបស់លោកស្រី Sasikala ជាមួយនឹងលោក Jayalalithaa Jayaram អតីតអភិបាលរដ្ឋខាងលើនេះ ដែលបានទទួលមរណភាពកាលពីខែធ្នូ ឆ្នាំ២០១៦ផងដែរ។ លោកស្រី Sasikala ត្រូវបានសារព័ត៌មានឥណ្ឌាចេញផ្សាយថា មិនបានអង្គុយស្តាប់ការកាត់ក្តីនោះឡើយ ប៉ុន្តែប៉ូលិសនឹងចេញប្រតិបត្តិការនាំខ្លួនលោកស្រីពីកន្លែងស្នាក់នៅរបស់លោកស្រីផ្ទាល់រួចយកទៅផ្តន្ទាទោសតាមសេចក្តីសម្រេចរបស់តុលាការ។
បន្ថែមពីនេះសូម្បីតែក្មួយប្រុស និងក្មួយស្រីរបស់លោកស្រី Sasikala ក៏ត្រូវបានតុលាការឥណ្ឌាកាត់ទោសដាក់ពន្ធនាគារ ០៤ឆ្នាំដូចៗគ្នាផងដែរ ពាក់ព័ន្ធការប្រព្រឹត្តខុសទៅនឹងច្បាប់។ គួរបញ្ជាក់ថាក្រោយលោកអភិបាលរដ្ឋ Jayaram ទទួលមរណភាពនោះ លោកស្រី Sasikala ត្រូវបានគណៈគ្រប់គ្រងរដ្ឋ Tamil Nadu បោះឆ្នោតគាំទ្រជាអភិបាលថ្មី ដែលគ្រោងឡើងកាន់តំណែងជាផ្លូវការនៅចុងសប្តាហ៍នេះ ប៉ុន្តែដោយសារតែលោកស្រីទទួលរងពាក្យបណ្តឹង ហើយតុលាការក៏បានសម្រេចទោសទៅហើយនោះ អភិបាលថ្មីនៃរដ្ឋភាគត្បូងប្រទេសឥណ្ឌាមួយនេះ នឹងត្រូវជ្រើសតាំងសាជាថ្មី៕