(ប៊ែរឡាំង)៖ ដោយយកមូលហេតុនៃការបោះឆ្នោតជិតចូលមកដល់ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល បានសម្រចចិត្តលុបចោលជំនួបកំពូលរួមជាមួយរដ្ឋាភិបាលអ៊ីស្រាអែល នៅខែឧសភា ខាងមុខនេះ ខណៈការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថា ដោយសារតែការបោះឆ្នោតអនុម័ត លើច្បាប់អនុញ្ញាតអ៊ីស្រាអែលពង្រីកសកម្មភាពអាណានិគមនៅក្នុងតំបន់ West Bank ដែនដីប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ទីប្រឹក្សាសន្តិសុខជាតិអាល្លឺម៉ង់ លោក Kristof Heusgen បានជូនដំណឹងដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ ពី ការសម្រេចចិត្តលុបចោលជំនួបដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ហើយដែលការសម្រេចចិត្តនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសភាអ៊ីស្រាអែល អនុម័តលើច្បាប់អនុញ្ញាតឱ្យអ៊ីស្រាអែល ពង្រីកសកម្មភាពអាណានិគមតាមរយៈការសាងសង់លំនៅឋានជាង ៤,០០០ខ្នងបន្ថែមនៅក្នុងតំបន់ West Bank ដែនដីប៉ាឡេស្ទីន។
ទោះបីជាយ៉ាងណាក្តីប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin ក៏បានថ្កោលទោសផងដែរ ចំពោះការអនុម័តច្បាប់នេះ ដោយនិយាយថាវាអាចនឹងនាំអ៊ីស្រាអែលឆ្ពោះទៅកាន់របបផ្ដាច់ការ ឬរដ្ឋ Apartheid។ «ដែនអធិបតេយ្យភាពនៃរដ្ឋមួយ ត្រូវការជាចាំបាច់នូវការប្រមូលផ្ដុំពីពលរដ្ឋទាំងអស់ ហើយវាមិនអាចទៅរួចឡើយ ដែលរដ្ឋឬដែនដីមួយត្រូវបានបែងចែក ដោយច្បាប់ដាច់ដោយឡែកពីគ្នា សម្រាប់ជនជាតិអ៊ីស្រាអែល និងមិនមែនអ៊ីស្រាអែល»។ នេះបើតាមសម្តីលោក Reuven Rivlin។
គួរបញ្ជាក់ថាអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានថ្កោលលើសកម្មភាពអាណានិគមរបស់អ៊ីស្រាអែលលើតំបន់ West Bank ដែនដីប៉ាឡេស្ទីនត្បិតពួកគេ យល់ថាសកម្មភាពបែបនេះមានតែធ្វើឱ្យស្ថានភាពកាន់តែធ្លាក់ចុះដុនដាប និងជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែលតែប៉ុណ្ណោះ៕