(តូក្យូ)៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន Taro Aso នៅថ្ងៃអង្គារនេះបានថ្លែងថា ជប៉ុននិងសហរដ្ឋអាមេរិក នឹងសំដៅធ្វើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទុនរវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងចំណោមបណ្តាប្រទេសដទៃៗទៀតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ហើយគេបានសង្កេតឃើញថាសម្ព័ន្ធមិត្តទាំងពីរនេះមានភាពជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំងឡើងនៅក្នុងសម័យកាលដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលោក Taro Aso បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននានាថា «យើងនឹងធ្វើការពិភាក្សាស្តីពីគោលនយោបាយសេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្មព្រមទាំងការវិនិយោគ រួមជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាជប៉ុន និងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថានៅក្នុងជំនួបពិភាក្សាមួយកាលពីចុងសប្តាហ៍មុនរវាងលោក ស៊ីនហ្សូ អាបេ និងលោក ដូណាល់ ត្រាំ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាធ្វើការបង្កើតកិច្ចសន្ទនាទ្វេភាគីមួយស្តីពីបញ្ហាសេដ្ឋកិច្ច ដែលនឹងត្រូវដឹកនាំដោយលោក Aso ដែលមានតួនាទីជាឧបនាយករដ្ឋមន្រ្តីជប៉ុនផងដែរ និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដើម្បីពិភាក្សាអំពីនយោបាយសារពើពន្ធនិងរូបិយវត្ថុ ព្រមទាំងគំរោងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
លោក ត្រាំ និង លោក អាបេ
លោក Mike Pence
លោក ស៊ីនហ្សូ អាបេ និង លោក Taro Aso