(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងលោក Joseph Keith Kellogg ជាប្រធានស្តីទីនៃទីប្រឹក្សាសន្តិសុខជាតិអាមេរិក ភ្លាមៗបន្ទាប់លោក Michael Flynn ប្រកាសលាលែងពីតំណែងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន ABC News នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Michael Flynn ប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលជាស្ថាប័នកំពូលមួយរបស់រដ្ឋនោះ បានលាលែងចេញពីតំណែងហើយនៅល្ងាចថ្ងៃចន្ទ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បន្ទាប់ពីបានលេចធ្លាយបញ្ហាដ៏រសើបមួយចំនួន ពាក់ព័ន្ធនឹងការលួចធ្វើទំនាក់ទំនងសម្ងាត់ជាមួយមន្ត្រីរុស្ស៊ី។
លោក Michael Flynn ត្រូវគេចោទប្រកាន់ថាបានលួចធ្វើការពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់អាមេរិកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីនៅមុនពេលដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែង។ ជុំវិញបញ្ហានេះក្រសួងយុត្តិធម៌អាមេរិកក៏បានព្រមានសេតវិមាន អំពីការលួចទាក់ទងគ្នានេះកាលពីចុងសប្តាហ៍មុនផងដែរ ដោយពួកគេបាននិយាយថា លោក Flynn ប្រហែលជាងាយនឹងស្ថិតក្រោមការគំរាមរបស់រុស្ស៊ី ហើយមន្រ្តីបក្សប្រជាធិបតេយ្យជាច្រើនរូបបានស្នើឲ្យធ្វើការបណ្តេញលោក Flynn ចេញពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិ ព្រោះថាវាគឺជារឿងខុសច្បាប់ចំពោះការដែលពលរដ្ឋធម្មតាធ្វើទំនាក់ទំនងការទូតរបស់សហរដ្ឋអាមេរិក ដោយការសន្ទនាតាមទូរស័ព្ទរវាងលោក Flynn និងមន្រ្តីរបស់រុស្ស៊ីកាលពីចុងឆ្នាំមុន នៅមុនពេលរូបលោកត្រូវបានតែងតាំងឲ្យកាន់មុខតំណែងក្នុងរដ្ឋបាលរបស់លោក ត្រាំ។
ដោយឡែកនៅក្នុងលិខិតសុំលាលែងពីតំណែងរបស់លោក លោក Michael Flynn បាននិយាយថារូបលោកបានថ្លែងប្រាប់លោក Mike Pence ដែលកាលនោះនៅជាអនុប្រធានាធិបតីជាប់ឆ្នោតអាមេរិក និងបុគ្គលផ្សេងទៀតជាមួយ និងព័ត៌មានមិនច្បាស់លាស់ពាក់ព័ន្ធនឹងការសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងលោកនិងឯកអគ្គរដ្ឋទូតរុស្ស៊ី។
គួរបញ្ជាក់ថាភ្លាមៗបន្ទាប់ពីលោក Michael Flynn បានលាលែងពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកដ៏សំខាន់នោះ សេតវិមានបានប្រកាសថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចតែងលោក Joseph Keith Kellogg ឲ្យកាន់តំណែងនេះជាបណ្តោះអាសន្នសិន៕