(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រ ហូឡង់ បានលើកឡើងនៅថ្ងៃអង្គារនេះថាអង្គការណាតូ (NATO) គួរតែពង្រឹងគោលនយោបាយការពារជាតិ ក៏ដូចជាបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពដ៏ប្រសើរជាងមុន នៅក្នុងបរិបទនៃការកើនឡើងឥតឈប់ឈរនៃការគំរាមកំហែងនានា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការរបស់អង្គការ NATO លោក Jens Stoltenberg លោក Hollande គូសបញ្ជាក់អំពីការប្តេជ្ញា ដ៏មុះមុតរបស់បារាំងចំពោះការអភិវឌ្ឍនៃគោលនយោបាយការពារជាតិអឺរ៉ុបដែលមានមហិច្ឆតាជាងមុន។ ជាមួយគ្នានេះថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញដោយការិយាល័យប្រធានាធិបតី មេដឹកនាំប្រទេសបារាំងរូបនេះមានបាននិយាយដូច្នេះថា «អង្គការ NATO ត្រូវតែបន្តធ្វើការបង្ហាញអំពីសមត្ថភាពក្នុងការបត់បែនបេសកកម្មរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងដែលកំពុងកើនឡើងយ៉ាងក្តៅគគុក ហើយសកម្មភាពរួបរួមសាមគ្គីគ្នាគឺជាការធានាដ៏ល្អបំផុតនៃប្រសិទ្ធភាពរបស់អង្គការ NATO»។
គួរបញ្ជាក់ថាអង្គការ NATO បានដាក់ពង្រាយកងទ័ពជាច្រើនទៅកាន់តំបន់អឺរ៉ុបខាងកើតក្បែរព្រំដែននៃប្រទេសរុស្ស៊ី ដោយអះអាងដើម្បីបង្ការការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលទីក្រុងម៉ូស្គូ៕