(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រអាមេរិក នៅអំឡុងពេលនៃការធ្វើសមយុទ្ធយោធារួមគ្នា Key Resolve (KR) និង Foal Eagle (FE) នៅខែមីនាខាងមុខនេះ ក៏ប៉ុន្តែមិនមានការបញ្ជាក់ឱ្យបានច្បាស់ឡើយថា តើគំរោងដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនេះ គឺជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ឬក៏យ៉ាងណានោះទេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការគម្រាមកំហែងពីសំណាក់ទីក្រុងព្យុងយ៉ាង នៅអំឡុងពេលធ្វើសមយុទ្ធយោធា KR និង FE ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នា ស្ដីពីការបង្កើនការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រ។ ប៉ុន្តែជុំវិញគំរោងនេះដែរ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូប នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា សហរដ្ឋអាមេរិកបានយល់ព្រមហើយថា នឹងដាក់ពង្រាយអាវុធយុទ្ធសាស្ត្រមានដូចជា យន្ដហោះចម្បាំងធុន F-22 នាវាផ្ទុកយន្ដហោះបំពាក់អាវុធនុយក្លេអ៊ែរ USS Carl Vinson នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ យន្ដហោះទម្លាក់គ្រាប់បែក B-1B និង B-52 ហើយដែលអាវុធយុទ្ធសាស្ត្រអាមេរិកទំាងនេះ គ្រោងនឹងត្រូវដាក់ពង្រាយនៅក្នុងឱកាសនៃការធ្វើសមយុទ្ធយោធារួមគ្នា នៅខែមីនាខាងមុខ។
គួរបញ្ជាក់ថាសម្រាប់កូរ៉េខាងជើង ការធ្វើសមយុទ្ធយោធាប្រចាំឆ្នំារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺជាការគំរាមកំហែងមួយដល់សន្តិសុខជាតិរបស់ខ្លួន ខណៈជាទម្លាប់ទីក្រុងព្យុងយ៉ាងតែងតែធ្វើសកម្មភាពបង្ករឿង រួមមានទំាងការធ្វើតេស្ដមីស៊ីលជាដើម ដើម្បីជាការឆ្លើយតបនឹងសម្ព័ន្ធមិត្តទំាងពីរ៕