(សេអ៊ូល)៖ តាមការដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបង្វែរជំនួយរបស់សហគមន៍អន្តរជាតិ ដែលផ្តល់ដើម្បីជួយសង្គ្រោះប្រជាជនប្រទេសកុម្មុយនិស្តមួយនេះរាប់ម៉ឺននាក់ដែលបានរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០១៦នោះ ទៅបម្រើលើវិស័យផ្សេងដែលមិនចាំបាច់ នោះគឺការកសាងផ្លូវថ្នល់ក្នុងទីក្រុងព្យុងយ៉ាង និងកសាងសណ្ឋាគារក្រោមទឹកនៅទីក្រុងវ៉ុនសានទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពពីអ្នកតាមដានសម្ងាត់នៅកូរ៉េខាងជើងបានប្រាប់បណ្តាញ RFA របស់សហរដ្ឋអាមេរិកថា ជំនួយដែលអន្តរជាតិបានផ្តល់ទៅប្រទេសកូរ៉េខាងជើងដើម្បីជួយសង្គ្រោះប្រជាជនប្រមាណ ៧០,០០០នាក់ ដែលបានបាត់បង់ទីជម្រក និងអត់ចំណីអាហារដោយសារតែព្យុះទីហ្វុង Lionrock វាយប្រហារកូរ៉េខាងជើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានរបបដឹកនាំកូរ៉េខាងជើងយកទៅប្រើប្រាស់ខុសគោលដៅ នោះគឺបានបង្វែរជំនួយទាំងនោះទៅកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាផលប្រយោជន៍សម្រាប់បក្សកុម្មុយនិស្តទាំងស្រុង។
គួរបញ្ជាក់ថា ក្រៅពីមនុស្សរាប់ម៉ឺននាក់បាត់បង់ជីជំរក និងខ្វះខាតចំណីអាហារ មនុស្ស ៤០០នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន និង១៣០នាក់ស្លាប់ដោយសារព្យុះ Lionrock។ សម្រាប់ជំនួយអន្តរជាតិទាំងនោះគឺមាន ៣លានដុល្លារជាជំនួយរបស់ប្រទេសចិនតែឯង៕