(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តដោយសំឡេងភាគច្រើន ទទួលស្គាល់លោក Steven Mnuchin ជារដ្ឋមន្ត្រីរតនាគារជាតិអាមេរិកថ្មី ដែលត្រូវបានគេរំពឹងថានឹងជួយដល់លោក ដូណាល់ ត្រាំ ក្នុងការធ្វើកំណែទម្រង់ពន្ធដារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងការបោះឆ្នោតនៅថ្ងៃចន្ទសប្ដាហ៍នេះ ព្រឹទ្ធសមាជិកបានបោះឆ្នោតគំាទ្រលោក Steven Mnuchin ឱ្យកាន់តំណែងជារដ្ឋមន្ត្រីរតនាគារជាតិ ដោយមានសំឡេងគាំទ្រ៥៣ទល់៤៧សំឡេង ហើយមានតែព្រឹទ្ធសមាជិកមកពីរដ្ឋ West Virginia នៃគណបក្សប្រជាធិបតេយ្យមួយរូបប៉ុណ្ណោះគឺលោក Joe Manchin បានបោះឆ្នោតគាំទ្ររូបលោក។
គួរបញ្ជាក់ថា លោក Mnuchin គួរតែអាចនឹងស្បថចូលកាន់តំណែងជាផ្លូវការនៅសេតវិមាននៅយប់ថ្ងៃចន្ទ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)៕