(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានទាំងចិន ដែលជាខ្នងបង្អែកដ៏ធំរបស់លោក គីម ជុងអ៊ុន បានថ្កោលទោសជាឯកច្ឆ័ន ចំពោះការ បាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់កូរ៉េខាងជើង នាពេលថ្មីនេះហើយថែមទាំងបានព្រមានដែរថា នឹងចាត់វិធានការបន្ថែមប្រឆាំងនឹងរបបដឹកនាំទីក្រុង ព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់ដូច្នេះថា៖ «សមាជិកក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងខ្លំាង ចំពោះការបាញ់សាកល្បង មីស៊ីលផ្លោងដោយសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ ការបាញ់សាកល្បង ទំាងនេះគឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចអន្តរជាតិ ដោយកូរ៉េខាងជើង អនុឡោមតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយយើងនៅតែ អះអាងឡើងវិញថា កូរ៉េខាងជើង ត្រូវតែជៀសវាងរាល់សកម្មភាពទំាងឡាយណា ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យ ស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង»។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខបានអនុម័ត លើសេចក្ដីសម្រេចដាក់ទណ្ឌកម្មចំនួន៦ ប្រឆាំងនឹងកូរ៉េខាងជើង មានដូចជាសេចក្ដីសម្រេច លេខ១៧១៦ (២០០៦), ១៨៧៤ (២០០៩), ២០៨៧ (២០១៣), ២០៩៤ (២០១៣), ២២៧០ (២០១៦) និង ២៣២១ (២០១៦)។ ក៏ប៉ុន្តែ សេចក្ដីសម្រេចទំាងនេះ នៅតែពុំទាន់អាចរារាំងការបាញ់សាកល្បងមីស៊ីល ពីទីក្រុងព្យុងយ៉ាង បាននៅឡើយទេ ខណៈក្រុមប្រឹក្សាសន្តិសុខ ព្រមានថានឹងចាត់ វិធានការបន្ថែមទៀត៕