(ញូដេលី)៖ ក្រុមគ្រូពេទ្យនៅក្នុងប្រទេសឥណ្ឌា កំពុងត្រៀមការវះកាត់សម្រកទម្ងន់ ស្ត្រីជនជាតិអេហ្ស៊ីបម្នាក់ ដែលមានទម្ងន់ធ្ងន់ជាងគេនៅលើពិភពលោក ដល់ទៅជាង៥០០គីឡូក្រាម តាមរយៈការតម្រូវឱ្យរូបនាងបរិភោគរបបអាហាររាវពិសេស មុននឹងទទួលការវះកាត់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយសារតែមានទម្ងន់ដល់ទៅជាង ៥០០គីឡូក្រាម នាង Eman Ahmed Abd El Aty មានអាយុ៣៧ឆ្នាំ បានសម្ងំនៅតែក្នុងផ្ទះមិនអាចចេញទៅណារួច ដូចមនុស្សធម្មតា អស់រយៈពេលជាង២៥ឆ្នាំមកហើយ រហូតដល់រូបនាងទើបតែធ្វើដំណើរពីទីក្រុង Alexandria នៃប្រទេសអេហ្ស៊ីប មកដល់ទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីទទួលការវះកាត់សម្រកទម្ងន់។ ដោយឡែក បើយោងតាមក្រុមគ្រូពេទ្យ សម្រាប់រយៈពេល ២៥ថ្ងៃខាងមុខនេះ នាង Abd El Aty អាចបរិភោគបានត្រឹម តែរបបអាហាររាវពិសេស តែប៉ុណ្ណោះ ដែលអាចនឹងជួយនាងសម្រកទម្ងន់បាន ៥០គីឡូក្រាម តាមការរំពឹងទុក មុននឹងពួកគេចាប់ផ្ដើមការវះកាត់។
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យឥណ្ឌានៃមន្ទីពេទ្យ Mumbai's Saifee សង្ឈឹមថាពួកគេអាចនឹងវះកាត់សម្រកទម្ងន់នាង Abd El Aty យ៉ាងហោចណាស់ពី៩០ ទៅ ១៥០គីឡូក្រាម៕