(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានបង្ហាញពីក្តីព្រួយបារម្ភនៅថ្ងៃចន្ទនេះ បន្ទាប់ពីជប៉ុននៅតែទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់បញ្ហាជម្លោះរបស់រដ្ឋាភិបាលទីក្រុងតូក្យូជាមួយនិងរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញប្រជុំកោះក្នុងតំបន់សមុទ្រចិនខាងកើត នៅអំឡុងជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីចុងសប្តាហ៍មុន។ នេះបើការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រទេសទាំងពីរ នៅក្រោយជំនួបពិភាក្សាដែលបានប្រព្រឹត្តទៅនៅឯសហរដ្ឋអាមេរិក មេដឹកនាំទាំងពីររូបបានបញ្ជាក់ជាសាធារណៈថា មាត្រា០៥ នៃសន្ធិសញ្ញាការពារសន្តិសុខជាតិអាមេរិក-ជប៉ុន ក៏បានរាប់បញ្ចូលទាំងប្រជុំកោះដែលជប៉ុនហៅថា Senkaku និងត្រូវបានដាក់ឈ្មោះដោយចិនថាជាប្រជុំកោះ Diaoyo ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានថ្លែងថាប្រទេសចិនមានការព្រួយបារម្ភជាខ្លាំង ហើយក៏ជំទាស់ដាច់ខាតផងដែរចំពោះរឿងនេះ ដោយបានអះអាងបន្ថែមថា ប្រជុំកោះនោះគឺស្ថិតក្នុងទឹកដីរបស់ចិនតាំងពីយូរលង់ណាស់មកម៉្លេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងលោក Geng បានលើកឡើងដូច្នេះថា «ទោះបីជាអ្នកណានិយាយ ឬក៏ប្រព្រឹត្តអ្វីក៏ដោយ វាមិនអាចផ្លាស់ប្តូរធាតុពិតជាក់ស្តែងដែលថាប្រជុំកោះ Diaoyo គឺជារបស់ប្រទេសចិនបាននោះដែរ ហើយក៏មិនអាចធ្វើឲ្យការសម្រេចចិត្តក៏ដូចជាប្តេជ្ញាដ៏រឹងមាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការពារទឹកដីនិងដែនអធិបតេយ្យជាតិបានឡើយ»។
ជាចុងក្រោយលោក Geng Shuang បានព្រមានថា សហរដ្ឋអាមេរិកនិងជប៉ុនគួរតែនិយាយស្តីនិងប្រព្រឹត្តអ្វីឲ្យបានប្រុងប្រយ័ត្ន ហើយបញ្ឈប់ការធ្វើអធិប្បាយខុសទំនងតទៀតទៅ ដើម្បីជៀសវាងបង្កភាពស្មុគស្មាញដល់បញ្ហាវិវាទនេះ ក៏ដូចជាជះផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងតំបន់៕