(តូក្យូ)៖ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះ កងកម្លាំងស្វ័យការពាររបស់ជប៉ុនបានសម្រេចធ្វើការពង្រាយប្រព័ន្ធការពារមីស៊ីល A PAC-3 Patriot ដ៏មានអានុភាពនៅក្រសួងការពារជាតិនៃទីក្រុងតូក្យូ ដើម្បីការពារពីហេតុការណ៍អាក្រក់ណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ចេញពី AP និងក្យូដូ នារសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០១៧។
កូរ៉េខាងជើង បានអះអាងជាផ្លូវការពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ដែលជាហេតុធ្វើឲ្យប្រទេសជិតខាងទាំងអស់ជាពិសេសជប៉ុន និងកូរ៉េខាងត្បូងក្តៅក្រហាយនៅមិនសុខ។
យោងតាម KCNA ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងប្រកបដោយជោគជ័យប្រព័ន្ធអាវុធយុទ្ធសាស្ត្រមីស៊ីល Pukguksong-2 អាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលនេះក៏បង្ហាញផងដែរពីការចំរើនទៅមុខនៃកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។ KCNA បានរាយការណ៍ដូច្នេះថា៖«ការបាញ់សាកល្បង មីស៊ីលរយៈចំងាយមធ្យម Pukguksong-2 ត្រូវបានធ្វើឡើងប្រកបដោយជោគជ័យ ហើយវានឹងក្លាយជាអាវុធសាស្ត្រថ្មីមួយទៀតរបស់យើង»។
គួរបញ្ជាក់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានស្នើឱ្យបើកកិច្ចប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ហើយដែលសំណើនេះធ្វើឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានអះអាងពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោង រយៈចំងាយមធ្យមកាលពីថ្ងៃអាទិត្យ៕