(សេអ៊ូល)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួនពិតជាមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ជាខ្លាំងទាក់ទិននឹងការបាញ់សាកល្បងមីស៊ីលផ្លោង រយៈចំងាយមធ្យមប្រភេទថ្មី ពីសំណាក់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ដែលផ្ទុយទាំងស្រុងពីសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ ទនឹ្ទមគ្នានឹងការព្រួយបារម្ភនេះ ទីក្រុងមូស្គូក៏បានអំពាវនាវផងដែរឱ្យភាគីពាក់ព័ន្ធ ទាំងអស់រក្សាភាពស្ងៀមស្ងាត់ និងជៀសវាងរាល់សកម្មភាពបង្កឱ្យស្ថានភាពនៅក្នុងតំបន់ឧទ្វីបកូរ៉េ កាន់តែតានតឹង។ នេះបើតាមការដកស្រង់សម្ដីដោយសារព័ត៌មានរុស្ស៊ី RIA ចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្រាប់រុស្ស៊ីក៏ដូចជាទីក្រុងប៉េកាំង សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង ដូចជាការបាញ់សាកល្បងមីស៊ីលនេះ មិនមែនជាអ្វីដែលមហាអំណាចទាំងពីរនេះចង់បាននោះឡើយ ត្បិតវាអាចនឹងកា្លយជាលេសមួយសម្រាប់សហរដ្ឋអាមេរិក យកទៅសំអាងធ្វើជាហេតុផលកាន់តែច្បាស់ ដើម្បីដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដែលទំាងទីក្រុងមូស្គូ និងចិនកំពុងចោទប្រកាន់ថា ការដាក់ពង្រាយ THAAD នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន និងតុល្យភាពអំណាចនៅក្នុងតំបន់។
ទោះបីយ៉ាងក៏ដោយការបាញ់សាកល្បងមីស៊ីលដោយទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យត្រូវបានអ្នកជំនាញមួយចំនួនយល់ថា គ្រាន់តែជាការធ្វើតេស្ដគោលជំហររបស់ចិនតែប៉ុណ្ណោះ ពោលគឺចង់ដឹងថាតើចិននឹងនៅតែការពាររបបដឹកនាំ លោក គីម ជុងអ៊ុន ដែរឬទេ និងដល់កំរិតណា? បន្ទាប់ពីចិននិង សហរដ្ឋអាមេរិកហាក់ដូចជាកំពុងមានទំនាក់ទំនងល្អឡើងវិញក្រោយ លោក ដូណាល់ ត្រាំ ទទួលស្គាល់គោលនយោបាយចិនតែមួយ នៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាពេលថ្មីនេះ។
ម្យ៉ាងវិញទៀតអ្វីដែលកូរ៉េខាងជើងចង់ដឹងនៅពេលនេះ នោះគឺថាចិននឹងតបស្នងអ្វីដល់លោក ត្រាំ ចំពោះការទទួលស្គាល់គោលនយោបាយចិនតែមួយ ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ធា្លប់អះអាងជាច្រើនដងពីការចង់ធ្វើកិច្ចសហការណ៍ជាមួយទីក្រុងប៉េកាំង ដើម្បីដោះស្រាយនឹងកូរ៉េខាងជើង។
គួរបញ្ជាក់ថាបើតាមក្រុមមន្ត្រីអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃចន្ទ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ដើម្បីពិភាក្សាគ្នាលើការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងបន្ទាប់ពីមានសំណើកោះប្រជុំពី សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង៕