(វែលីងតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអវកាសរបស់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់កែវយឺតអវកាស ដែលមានសមត្ថភាពដ៏ខ្លាំងក្លាមួយ នៅក្នុងការបង្ហោះបាឡុងខ្យល់រយៈកម្ពស់ខ្ពស់ ចេញពីកោះភាគខាងត្បូងនៃប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ទីភ្នាក់ងារអវកាសណាសា (NASA) របស់អាមេរិកនៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ខ្លួននឹងធ្វើការបង្ហោះបាឡុងខ្យល់ (SPB) ដ៏ធំសម្បើមដែលអាចផ្ទុកទម្ងន់ធ្ងន់ក្នុងរយៈពេលដ៏វែងមួយ ចេញពីក្រុងវ៉ាណាកា Wanaka ទៅកាន់ទីអវកាសនៅក្នុងចុងខែមិនា ឬមួយក៏ដើមមេសាខាងមុខនេះ។ បាឡុងខ្យល់ដែលធំប៉ុនពហុកីឡាដ្ឋានមួយនេះ នឹងនាំយកកែវយឺតអវកាសឈ្មោះថា EUSO-SPB របស់សាកលវិទ្យាល័យ Chicago ទៅធ្វើការតេស្តសាកល្បងទៅលើបច្ចេកវិទ្យាមួយចំនួនរបស់វា ដើម្បីត្រៀមខ្លួនសម្រាប់បេសកកម្មមួយកំពុងត្រូវរៀបចំឡើង ក្នុងការបង្ហោះនិងបំពាក់កែវយឺតនេះនៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS។
គួរបញ្ជាក់ថាបាឡុងខ្យល់ SPB នឹងហោះឡើងទៅដល់រយៈកម្ពស់ ៣៣.៥គីឡូម៉ែត្រពីផ្ទៃដី ហើយអាចនឹងចំណាយជាច្រើនសប្តាហ៍នៅជុំវិញអឌ្ឍគោលខាងត្បូង៕