(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃអាទិត្យម្សិលមិញ ពិតជាមីស៊ីលផ្លោងជំនាន់ថ្មីប្រភេទ IRBM ដែលផ្អែកលើបច្ចេកវិទ្យានៃរបស់មីស៊ីលផ្លោងប្រភេទបាញ់ចេញពីនាវាមុជទឹក SLBM។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ដែលត្រូវបានគេហៅថា Pukguksong-2 ចេញពីតំបន់ភាគខាងលិចប្រទេស ហើយវាបានហោះទៅភាគខាងកើតសំដៅរកសមុទ្រជប៉ុនក្នុងចម្ងាយ ៥០០គីឡូម៉ែត្រ។ នៅក្រោយការធ្វើតេស្តនេះ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានលើកឡើងថា វាអាចជាមីស៊ីលដ៏ទំនើបជំនាន់ថ្មីនៃមីស៊ីលផ្លោង Musudan ដែលមានរយៈចម្ងាយមធ្យម ដែលហោះឡើងលើអាកាសក្នុងកម្ពស់ដល់ទៅ១,៤១៣.៦គីឡូម៉ែត្រ និងធ្វើដំណើរបានចម្ងាយ៥០០គីឡូម៉ែត្រនៅអំឡុងការបាញ់ធ្វើតេស្តកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
ប៉ុន្តែនាពេលនេះយោធាកូរ៉េខាងត្បូង បានផ្លាស់ប្តូរការស្ទាបស្ទង់នាថ្ងៃអាទិត្យរបស់ខ្លួនវិញ ដោយនិយាយថាប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រហែលជាបានបង្គាប់ឲ្យមានការអភិវឌ្ឍប្រភេទមីស៊ីលថ្មីមួយផ្សេងទៀត ដែលផ្អែកទៅលើបច្ចេកវិទ្យារបស់ SLBM ប៉ុន្តែមានរយៈចម្ងាយឆ្ងាយជាង និងប្រើសម្រាប់បាញ់ចេញពីជើងទម្រចល័តផ្ទាល់ដី។
គួរបញ្ជាក់ថាយោធាកូរ៉េខាងត្បូងបានកំណត់ថា មីស៊ីលផ្លោង Pukguksong-2 មានរយៈចម្ងាយនៅចន្លោះចម្ងាយរបស់ SLBM និងរបស់ Musudan ដោយមីស៊ីលផ្លោង SLBM របស់របបដឹកនាំទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿជាក់ថាមានរយៈចម្ងាយពីចន្លោះ ២,០០០គីឡូម៉ែត្រទៅ ២,៥០០គីឡូម៉ែត្រ និងមីស៊ីលផ្លោង Musudan មានរយៈចម្ងាយពីចន្លោះ ៣,០០០គីឡូម៉ែត្រទៅ ៣,៥០០គីឡូម៉ែត្រ រីឯមីស៊ីលផ្លោង Pukguksong-2 ដែលទើបត្រូវបានអភិវឌ្ឍន៍ថ្មីប្រហែលមានរយៈចម្ងាយពី ២,៥០០០គីឡូម៉ែត្រទៅ ៣,០០០គីឡូម៉ែត្រ។ ដោយឡែកមីស៊ីលផ្លោងប្រភេទ Musudan មានសមត្ថភាពក្នុងការដាក់ប្រទេសកូរ៉េខាងត្បូងទាំងមូល ព្រមទាំងប្រទេសជប៉ុន ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅលើកោះហ្គាំនៅក្នុងរយៈចម្ងាយនៃគោលដៅវាយប្រហាររបស់ខ្លួនបានយ៉ាងងាយ៕