(អាមេរិក)៖ កំពូលមហាសេដ្ឋី Bill Gates ស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ល្បីល្បាញ Microsoft និងបច្ចុប្បន្នជាបុរសដែលមានជាងគេបំផុតលើលោក ប្រហែលជានឹងអាចក្លាយជាមនុស្សដំបូងគេបង្អស់ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន សរុបកើនដល់មួយពាន់ពាន់លានដុល្លារ នៅក្នុងរយៈពេល២៥ឆ្នាំទៅមុខទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik ដោយផ្អែកលើរបាយការណ៍របស់អង្គការសប្បុរសធម៌អន្តរជាតិ អុកស្វាម (Oxfam) នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
Oxfam ដែលជាអង្គការអន្តរជាតិមួយប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅជុំវិញពិភពលោក ដោយផ្អែកលើការព្យាករណ៍របស់ខ្លួន ទៅលើការអង្កេតជាច្រើនយ៉ាងដិតដល់នោះបានបង្ហាញថា ទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់លោក Bill Gates បាននិងកំពុងកើនឡើងជាមធ្យមក្នុងអត្រា១១ភាគរយជារៀងរាល់ឆ្នាំរាប់ចាប់ពីឆ្នាំ២០០៩មក។ របាយការណ៍របស់អង្គការ Oxfam បានលើកឡើងដូច្នេះថា «បើសិនជាបណ្តាមហាសេដ្ឋីកំពូលៗនៅតែបន្តរក្សាអត្រាកំណើនទ្រព្យសម្បតិ្តរបស់ពួកគេតទៀតនោះ យើងអាចនឹងទទួលបានមហាសេដ្ឋីពាន់ពាន់លាន (Trillionare) ដំបូងបំផុតរបស់ពិភពលោកក្នុងរយៈពេល២៥ឆ្នាំខាងមុខ ដោយលោក Bill Gate នឹងអាចកើនទ្រព្យសម្បតិ្តដល់មួយពាន់ពាន់លានដុល្លារនៅឆ្នាំ២០៤២។
គួរបញ្ជាក់ថាយោងតាមបញ្ជីនៃកំពូលមហាសេដ្ឋីពាន់លាន (Billionares) នៅលើពិភពលោករបស់ទស្សនាវដ្តី Forbes លោក Bill Gates ឈរនៅលំដាប់ថ្នាក់កំពូលជាមួយនិងទ្រព្យសម្បតិ្តសរុបប្រមាណ៧៥ពាន់លានដុល្លារ ហើយបើដល់ឆ្នាំ២០៤២ ដែលពេលរូបលោកត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាមហាសេដ្ឋីពាន់ពាន់លានឬទ្រីលាននែរ (Trillionare) ដំបូងបង្អស់នោះ លោក Gates នឹងឈានដល់វ័យ៨៤ឆ្នាំ៕