(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីនពីឆ្នាំ (១៩៩២-១៩៩៨) លោក ហ្វីឌែល រ៉ាម៉ូស (Fidel Ramos) បាននិយាយថា សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ កំពុងបង្កើនវប្បធម៌និទណ្ឌភាព ខណៈប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នរូបនេះបាន និងកំពុងធ្វើការសម្រេចចិត្តដោយអត្តនោម័តលើគោលនយោបាយជាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ហ្វីឌែល រ៉ាម៉ូស ធ្លាប់បានគាំទ្រយ៉ាងខ្លំាងដល់លោក ឌូតើតេ នៅអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត ក៏ប៉ុន្តែដោយសារតែសង្រ្គាមគ្រឿងញៀន លោកបានក្លាយជាមនុស្សម្នាក់ដែលរិះគន់ចំៗថា លោក ឌូតើតេ បានសម្រេចចិត្តអត្តនោម័តជាច្រើន ជាពិសេសពាក់ព័ន្ធនឹងវិធានការសន្តិសុខតែម្ដង។ លោក រ៉ាម៉ូស នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ News Channel Rappler បានកត់សម្គាល់ថា សង្រ្គាមប្រឆាំងគ្រឿងញៀនបច្ចុប្បន្ន កំពុងបង្កើនវប្បធម៌និទណ្ឌភាព ក៏ប៉ុន្តែលោកមិនចង់ហៅថាវប្បធម៌និទណ្ឌភាពនេះទេព្រោះលោកយល់ថា វាមិនទាន់យឺតពេលនៅឡើយក្នុងការកែប្រែស្ថានភាពឡើងវិញ។
ដោយឡែកឆ្លើយតបនឹងសំណួរជុំវិញបំណងប្រើប្រាស់យោធារបស់លោក ឌូតើតេ លោក រ៉ាមូស លើកឡើងដូច្នេះថា « ប៉ូលិសនិងយោធាត្រូវបានបណ្ដុះបណ្ដាលដាច់ដោយឡែកពីគ្នា ដូច្នេះការងាររបស់ប៉ូលិសវាខុសគ្នាពីប្រតិបត្តិយោធា។ ជាងនេះទៅទៀតផ្អែកលើមូលដ្ឋានច្បាប់ អ្នកគួរតែទាញកំាភ្លើងបាញ់ ដើម្បីរារាំងសកម្មភាពណាមួយ មិនមែនដើម្បីសម្លាប់មនុស្សនោះទេ»។ គួរបញ្ជាក់ថាក្នុងរយៈពេលនៃសង្រ្គាមប្រឆាំងគ្រឿងញៀនជាង៧ខែមកនេះ មនុស្សប្រមាណ៧,៦០០នាក់បានបាត់ជីវិតដែលនេះជារបាយការណ៍របស់ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិ៕