(វ៉ាស៊ីនតោន)៖ ប្រជាជនទាំងអស់ដែលរស់នៅក្រោមទំនប់វារីអគ្គិសនី ដ៏ខ្ពស់ជាងគេបំផុតរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅក្បែរទីក្រុង Oroville ក្នុងតំបន់រដ្ឋកាលីហ្វរញ៉ាភាគខាងជើង ត្រូវបានបញ្ជាឲ្យនាំគ្នាធ្វើការជម្លៀសខ្លួនចេញជាបន្ទាន់ ខណៈពេលដែលផ្លូវបង្ហួរទឹករបស់ទំបន់នោះ ទំនងជានឹងបាក់ស្រុតនៅពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ការចេញបញ្ជាជម្លៀសខ្លួនយ៉ាងតក់ក្រហល់ខាងលើនេះត្រូវបានធ្វើឡើង ដោយសារតែអាជ្ញាធរនៅក្នុងតំបន់មានភាពជឿជាក់យ៉ាងប្រាកដថា ផ្លូវបង្ហូរទឹកនៅលើទំនប់ Lake Oroville អាចនឹងរំលំនៅពេលឆាប់ៗខាងមុខនេះ ហើយវានឹងបញ្ចេញទឹកដ៏ច្រើនហូរហៀរទៅកាន់សហគមន៍នានាដែលស្ថិតនៅតាមដងទន្លេ Feather ខណៈចំនួនប្រជាជនដែលត្រូវភៀសខ្លួនចេញនោះ ពុំទាន់ត្រូវបានបញ្ជាក់ឲ្យជាក់ច្បាស់ឡើយ។
គួរបញ្ជាក់ថាទំនប់វារីអគ្គិសនី Oroville ដែលមានកម្ពស់ដល់ទៅ២៣០ម៉ែត្រ និងត្រូវបានសាងសង់ឡើងកាលពីចន្លោះឆ្នាំ១៩៦២ និងឆ្នាំ១៩៦៨ គឺជាទំនប់ខ្ពស់ជាងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិក វាកំពុងស្ថិតក្នុងសភាពស្ទើរតែជិតពេញ បន្ទាប់ពីមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លានៅអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕