(ប៊ែរឡាំង)៖ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានជាប់ឆ្នោតក្លាយជាប្រមុខរដ្ឋថ្មី (ប្រធានាធិបតី) របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ហើយ ខណៈដែលគ្រប់គ្នាបានដឹងជាយូរណាស់មកហើយថា អតីតអ្នកជំនាញការទូតរូបនេះ គឺមាននយោបាយប្រឆាំងនឹងប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ តាំងតែពីមុនលោកជាប់ឆ្នោតមកម្ល៉េះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Frank មានវ័យ ៦១ឆ្នាំហើយ នឹងត្រូវឡើងកាន់តំណែងជាផ្លូវការក្នុងនាមជាប្រមុខរដ្ឋអាល្លឺម៉ង់ដើម្បីដើរតួនាទីសម្របសម្រួលដោះស្រាយបញ្ហាជាតិធំៗ ហើយលោកក៏នឹងធ្វើជាអ្នកសេដ្ឋកិច្ចកំពូលរបស់សហភាពអឺរ៉ុបផងដែរ ខណៈដែលលោកមានភាពល្បីល្បាញជាងគេស្រាប់ទៅហើយ ក្នុងជួរនយោបាយរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ទាំងមូល។ លោកក៏បានបង្កការព្រួយបារម្ភផងដែរពីសំណាក់ប្រទេសអឺរ៉ុបជាច្រើន ដោយសារតែគោលជំហរទន់ភ្លន់របស់លោកចំពោះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
គួរបញ្ជាក់តាមអ្នកវិភាគនយោបាយអាល្លឺម៉ង់ថា ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Frank គឺជាជោគជ័យធំមួយរបស់គណបក្សសង្គមប្រជាធិបតេយ្យ (SPD) ដោយសារតែវាជាការត្រួសត្រាយផ្លូវសម្រាប់លោក Martin Schulz អតីតប្រធានសភាសហភាពអឺរ៉ុប ដែលបច្ចុប្បន្នជាបេក្ខជនអធិការបតី របស់គណបក្ស SPD ត្រៀមធ្វើការប្រកួតប្រជែងជាមួយអធិការបតីបច្ចុប្បន្នលោកស្រី អេនជេឡា មើគែល (ប្រធានគណនាយករដ្ឋមន្ត្រី) នៅក្នុងការបោះឆ្នោតជាតិនាខែកញ្ញាខាងមុខនេះ៕