(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅបានរីករាលដាលឡើងនៅក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក ដែលផ្ទៃដីរាប់រយហិកតាកំពុងរងការបំផ្លិចបំផ្លាញ និងមនុស្សជាច្រើននាក់បង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ហេតុការណ៍ភ្លើងឆេះព្រៃខាងលើបានកើតឡើងនៅទីក្រុងមួយ ដែលស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋអូក្លាហូម៉ា រីឯដើមហេតុនៃអគ្គិភ័យនេះ នៅតែពុំទាន់ត្រូវបានអាជ្ញាធរអាមេរិកដឹងច្បាស់នៅឡើយទេ ខណៈឧទ្ធម្ភាគចក្រជាច្រើនគ្រឿងកំពុងព្យាយាមទប់ស្កាត់ ការរីករាលដាលកាន់តែខ្លាំងឡើងនៃភ្លើងឆេះព្រៃនេះ ដោយធ្វើការទម្លាក់ទឹកពីលើអាកាស ហើយក្រុមពន្លត់អគ្គិភ័យ ជាច្រើននាក់ក៏កំពុងតែខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំបំផុតក្នុងពន្លត់អគ្គិភ័យនៅលើដីផ្ទាល់ផងដែរ។
គួរបញ្ជាក់ថាមកទល់ពេលនេះភ្លើងឆេះនេះបានដុតបំផ្លាញផ្ទៃដីប្រហែល ៣៥៥ហិកតាហើយរួមជាមួយនិងមនុស្សរាប់រាយនាក់ត្រូវបានជម្លៀសខ្លួនដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើង។ ដោយឡែករដ្ឋអូក្លាហូម៉ាវិញ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការប្រកាសអាសន្នរបស់ទីភ្នាក់ងារទប់ស្កាត់អគ្គីភ័យជាតិរហូតដល់ឆ្នាំទី១៤ ខែកុម្ភៈនេះ ដោយសារតែហានិភ័យនៃភ្លើងឆេះព្រៃនៅតែមានកម្រិតខ្ពស់ខ្លាំងដដែល៕