(លីម៉ា)៖ ប្រធានាធិបតីប៉េរូបច្ចុប្បន្ន លោក Pedro Pablo Kuczynski នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃអាទិត្យបានស្នើឱ្យលោក ដូណាល់ ត្រាំ បញ្ជូនឬក៏ធ្វើបត្យាប័នអតីតប្រធានាធិបតីប៉េរូ លោក Alejandro Toledo ដែលកំពុងជាប់ដីកាចាប់ខ្លួនពីបទពុករលួយមកកាន់ទីក្រុងលីម៉ាវិញ ដើម្បីទទួលការកាត់ក្ដីតាមផ្លូវច្បាប់ ប៉ុន្តែលោកមិនបានបញ្ជាក់ឡើយ ពីចម្លើយរបស់ប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមរដ្ឋាភិបាលរបស់លោក Kuczynski លោក Toledo កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងចាប់ខ្លួនរូបលោកកំពុងជួបឧបសគ្គផ្នែកផ្លូវច្បាប់។ បន្ថែមពីលើនេះអាជ្ញាធរប៉េរូ ក៏បានបញ្ជាក់ដែរថា ខាងភាគីអាជ្ញាធរអាមេរិកបានផ្ដល់ដំណឹងមកថា ពួកគេមិនមានគំរោងឃាត់ខ្លួនលោក Toledo នោះទេ ខណៈអតីតប្រធានាធិបតីរូបនេះ ត្រូវបានគេរាយការណ៍ថា បានកក់សំបុត្រយន្ដហោះត្រៀមធ្វើដំណើរពីរដ្ឋកាលីហ្វញ៉ា ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល នាពេលដ៏ខ្លីខាងមុខនេះ ស្របពេលប៉ូលិសអន្តរជាតិអំាងទែប៉ូល បានចេញសញ្ញាប្រកាសអាសន្នពណ៌ក្រហមដល់ប្រទេសសមាជិកទាំង១៩០ ជួយតាមរកលោក Toledo។
គួរបញ្ជាក់ថាអាជ្ញាធរប៉េរូបានសម្រេចចិត្តផ្ដល់ប្រាក់រង្វាន់ប្រមាណ៣០,០០០ដុល្លារអាមេរិកសម្រាប់ព័ត៌មាន ទាំងឡាយណា ដែលនាំទៅរកការចាប់ខ្លួនអតីតប្រធានាធិបតីប៉េរូ លោក Alejandro Toledo។ លោក Toledo ធ្លាប់កាន់តំណែងជាប្រធានាធិបតីប៉េរូ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងទឹកប្រាក់ជាង២០លានដុល្លារ ទាក់ទិននឹងគំរោងសាងសង់ផ្លូវ Highway តភ្ជាប់ពីប្រទេសប៉េរូ ទៅកាន់ប្រទេសប្រេស៊ីល ក្រោមការដឹកនាំគំរោងដោយក្រុមហ៊ុន Odebrecht និងក្រុមសំណង់ប្រេស៊ីលមួយចំនួន៕