(កង់បេរ៉ា)៖ តាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) នៃទីក្រុងកង់បេរ៉ា មនុស្សលោកយើងកំពុងតែចូលរួមចំណែកបង្កឲ្យមានបម្រែបម្រួលអាកាសធាតុ នៃភពដែនដីក្នុងកម្រិតដល់ទៅ១៧០ដង លឿនជាងធម្មជាតិខ្លួនឯងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកសាស្រ្តាចារ្យ Will Steffen អ្នកស្រាវជ្រាវ និងជាអ្នកជំនាញផ្នែកអាកាសធាតុមួយរូបរបស់សាកលវិទ្យាល័យ ANU បានឲ្យដឹងថា ក្រុមរបស់លោកបានអភិវឌ្ឍន៍ឡើងនូវសមីការ «Anthropocene» ដែលជានីតិវិធីគណិតវិទ្យាក្នុងការតាមដានឥទ្ធិពល ក៏ដូចជាផលប៉ះពាល់នៃសកម្មភាពនានារបស់មនុស្សទៅលើប្រព័ន្ធរបស់ភពផែនដី ដែលយើងទាំងអស់គ្នាកំពុងរស់នៅ។
លោក Steffen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍មុននេះយ៉ាងដូច្នេះថា «នៅក្នុងអំឡុងប្រមាណ៧,០០០ឆ្នាំមុន កម្លាំងចម្បង (ធម្មជាតិ) បានរុញច្រានឲ្យមានការប្រែម្រួលធម្មតាៗ និងបន្តិចបន្តួចប៉ុណ្ណោះ ដោយអត្រានៃការប្រែប្រួលដែលបង្កឡើងដោយធម្មជាតិផ្ទាល់ គឺត្រឹម០.០១អង្សាសេប៉ុណ្ណោះក្នុងរយៈពេលមួយសតវត្សរ៍។ដោយឡែកការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបង្កឡើងដោយសកម្មភាពមនុស្សនៅក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយនេះវិញ បានបណ្តាលឲ្យអត្រាសីតុណ្ហភាពកើនឡើងរហូតដល់១.៧អង្សាសេក្នុងមួយសតវត្សរ៍»។
ជាចុងក្រោយលោកសាស្រ្តចារ្យ Will Steffen ក៏បានឆ្លៀតឱកាសដើម្បីធ្វើការដាស់តឿនផងដែរថា មនុស្សលោកយើងនៅតែមិនទាន់ហួសពេលឡើយ ក្នុងការទប់ស្កាត់ឥទ្ធិពលអវិជ្ជមានជាច្រើននៃបម្រែបម្រួលអាកាសធាតុ ប៉ុន្តែលោក Steffen បានទទួលស្គាល់ថា ស្របពេលជាមួយគ្នាពួកយើងក៏ជិតអស់ពេលវេលាដែរ។ លោក Steffen បាននិយាយថា «សេដ្ឋកិច្ចពិភពលោកអាចដើរទៅមុខបានយ៉ាងល្អជាធម្មតា ទោះបីជាគ្មានការបញ្ចេញឧស្ម័នពុលដ៏ដោយ ហើយការសិក្សាស្រាវជ្រាវបង្ហាញយើងអាចចិញ្ចឹមមនុស្សចំនួន០៩ពាន់លាននាក់បាន ដែលជាចំនួនប្រជាជនលើពិភពលោកនៅក្នុងឆ្នាំ២០៥០ និងធ្វើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងពេលជាមួយគ្នា»៕