(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានស្នើឱ្យបើកកិច្ចប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ហើយដែល សំណើរនេះធ្វើឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានអះអាងពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោង រយៈចំងាយមធ្យមកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ជាការធ្វើតេស្ដប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ដែលអាចនឹងស្នើការគាំទ្រពីចិនដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ត្បិតកាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិក និងចិន ហាក់ដូចជាមានទំនាក់ទំនងល្អគ្រាន់បើឡើងវិញ ក្រោយពេលមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង តាមរយៈការទទួលស្គាល់គោលនយោបាយចិនតែមួយ។
អ្នកតាមដានខ្លះបានលើកឡើងទៀតថាទីក្រុងព្យុងយ៉ាង ទំនងជាកំពុងយកការសាកល្បងមីស៊ីលនេះ ស្ទាបស្ទង់មើលពីគោលជំហររបស់ទីក្រុងប៉េកាំងចំពោះខ្លួន។ ដោយឡែកជុំវិញបញ្ហានេះដែរក្រុមមន្ត្រី UN បានឱ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានដាក់សំណើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលផ្លោង រយៈចំងាយមធ្យមពីសំណាក់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យម្សិលមិញ ភ្លាមៗបន្ទាប់ពីដឹងថាកូរ៉េខាងជើងធ្វើតេស្តគ្រាប់មីស៊ីល។
គួររំលឹកថាកាលពីថ្ងៃអាទិត្យ កូរ៉េខាងត្បូងចាប់បានសញ្ញាថា កូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងមីស៊ីលមួយគ្រាប់នៅម៉ោងប្រមាណជា ៧៖៥៥នាទី ព្រឹក (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ចេញពីមូលដ្ឋានទ័ពអាកាស Panghyon នៃខេត្ត Pyongan ខាងជើង។ គ្រាប់មីស៊ីលនេះអាចហោះលើអាកាសក្នុងរយៈកំពស់៥៥០គីឡូម៉ែត្រ និងរត់បានចំងាយ ៥០០គីឡូម៉ែត្រទៅធ្លាក់ចូលក្នុងសមុទ្រជប៉ុន៕