(សេអ៊ូល)៖ កូរ៉េខាងជើងបានអះអាងជាផ្លូវការពី «ជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មី» រយៈចំងាយមធ្យម ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។ នេះបើតាមសារព័ត៌មានកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាម KCNA ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងប្រកបដោយជោគជ័យប្រព័ន្ធអាវុធយុទ្ធសាស្ត្រមីស៊ីល Pukguksong-2 អាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលនេះក៏បង្ហាញផងដែរពីការចំរើនទៅមុខនៃកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។ KCNA បានរាយការណ៍ដូច្នេះថា «ការបាញ់សាកល្បងមីស៊ីលរយៈចំងាយមធ្យម Pukguksong-2 ត្រូវបានធ្វើឡើងប្រកបដោយជោគជ័យ ហើយវានឹងក្លាយជាអាវុធយុទ្ធសាស្ត្រថ្មីមួយទៀតរបស់យើង»។
គួររំលឹកថាកាលពីថ្ងៃអាទិត្យ កូរ៉េខាងត្បូងចាប់បានសញ្ញាណថា កូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងមីស៊ីលមួយគ្រាប់នៅម៉ោងប្រមាណ ៧៖៥៥នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ចេញពីមូលដ្ឋានទ័ពអាកាស Panghyon នៃខេត្ត Pyongan ខាងជើង។ គ្រាប់មីស៊ីលនេះអាចហោះលើអាកាសក្នុងរយៈកំពស់៥៥០គីឡូម៉ែត្រ និងរត់បានចំងាយ ៥០០គីឡូម៉ែត្រទៅធ្លាក់ចូលក្នុងសមុទ្រជប៉ុន៕