(មូស្គូ)៖ ប្រភពពីទីភ្នាក់ចារកម្មអាមេរិកបានឱ្យដឹងថា រុស្ស៊ីគ្រោងនឹងបញ្ជូន ឬធ្វើបត្យាប័នអតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក លោក Edward Snowden មកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទុកជា «អំណោយ» សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែព្រមពេលជាមួយគ្នា មេធាវីរបស់បុរសវ័យ៣៣ឆ្នាំរូបនេះបានអះអាងថាព័ត៌មាននេះ គ្រាន់តែជាការសន្និដ្ឋានគ្មានមូលដ្ឋានតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS លោកមេធាវី Anatoly Kucherena បានគូសបញ្ជាក់ថា «ខ្ញុំយល់ថាមិនមានហេតុផលណា មួយក្នុងការធ្វើបត្យាប័នលោក Snowden នោះទេ។ ព័ត៌មាននេះគ្រាន់តែជាការសន្និដ្ឋានចេញពីទីភ្នាក់ងារចារកម្មអាមេរិកប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត លោក Snowden បច្ចុប្បន្នជាអ្នករស់នៅស្របច្បាប់មួយរូប ដែលត្រូវបានការពារដោយច្បាប់រុស្ស៊ី ពោលបើនិយាយឱ្យចំទីក្រុងមូស្គូ មិនបានធ្វើពាណិជ្ជកម្មលើមនុស្សណាម្នាក់នោះទេ»។
គួររំលឹកថាកាលពីថ្ងៃសុក្រកន្លងទៅ ស្ថានីយ៍ទូរទស្សន៍អាមេរិក NBC News បានរាយការណ៍ថា ផ្អែកលើប្រភពដែលទទួលបានពីទីភ្នាក់ងារចារកម្មអាមេរិក រុស្ស៊ីអាចនឹងធ្វើបត្យាប័នអតីតទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក NSA (National Security Agency) លោក Edward Snowden មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីស្ដារទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលធ្លាប់ចាត់ទុករូបលោកថាជា «ជនក្បត់» និងជាទីភ្នាក់ងារចារកម្មម្នាក់ ដែលគួរតែត្រូវកាត់ទោសប្រហារជីវិត។
លោក Snowden បាន និងកំពុងរស់នៅជ្រកកោនក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ បន្ទាប់ពីលោកបានទម្លាយឯកសារសម្ងាត់របស់រដ្ឋជាសារធារណៈ៕