(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនៅព្រឹកមិញនេះ គឺជាប្រភេទមីស៊ីល ផ្លោងរយៈចំងាយមធ្យម ក៏ប៉ុន្តែវាមិនមានលទ្ធភាពអ្វីគំរាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ដូច្នេះថា៖ «ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ចាប់បានសញ្ញាណបាញ់ សាកល្បងមីស៊ីលផ្លោងពីសំណាក់ទីក្រុងព្យុងយ៉ាង នៅម៉ោងប្រមាណជា ៤៖៥៥ នាទីរសៀល (ម៉ោង៧៖៥៥នាទីព្រឹក ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ហើយមីស៊ីលនេះ អាចជាប្រភេទមីស៊ីលផ្លោងរយៈចំងាយមធ្យម ដែលត្រូវបានបាញ់ចេញពីតំបន់ Panghyon នៃភាគពាយព្យទីក្រុង Kusong ឆ្ពោះទៅ កាន់សមុទ្រជប៉ុន។ ក៏ប៉ុន្តែវាមិនមានលទ្ធភាពអ្វីគំរាមកំហែង ដល់សហរដ្ឋអាមេរិកឡើយ»។
គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនេះ ដែលហោះលើអាកាសបានចំងាយ៥០០គីឡូម៉ែត្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ បានចេញសេចក្ដីថ្លែងការណ៍រួម នៅឯរីសត (Resort) ឯកជនមួយ របស់លោក ត្រាំ ក្នុងរដ្ឋផ្ល័រីដា ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅពីក្រោយគ្រាំទ្រទីក្រុងតូក្យូ ១០០ភាគរយ ហើយថាការបាញ់សាកល្បងនេះ ជាទង្វើមិនអាច អត់ឱនឱ្យបានជាដាច់ខាត៕