(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា ការបាញ់សាកល្បងមីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យនេះ គឺជាទង្វើរំលោភ លើសេចក្ដីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) និងជាការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរដល់សន្តិភាព ក៏ដូចជាសន្តិសុខនៅក្នុង តំបន់ឧបទី្វបកូរ៉េ ព្រមទាំងប្រឆំាងនឹងសហគមន៍អន្តរជាតិតែមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ កាលពីម៉ោង ៧៖៥៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ចេញពីតំបន់ Panghyon ឆ្ពោះទៅ កាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ក៏ប៉ុន្តែភ្លាមៗ នោះដែរ គ្រាប់មីស៊ីលនេះ ពុំទាន់ត្រូវបានគេកំណត់ថា ជាមីស៊ីលប្រភេទអ្វីឱ្យប្រាកដនៅឡើយ ទេ។ ចំណែកឯក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់សាកល្បងនេះដោយបញ្ជាក់ ដូច្នេះថា៖ «ការបង្ករឿងពីសំណាក់ទីក្រុងព្យុងយ៉ាង ម្ដងហើយម្ដងទៀត ជាទង្វើផ្ទុយទាំងស្រុងទៅនឹងឆន្ទៈរបស់សហគមន៍អន្តរជាតិ ដែលមានចែង នៅក្នុងសម្រេចក្ដីសម្រេច UN លេខ២៣២១។ ជាងនេះទៅទៀត សុន្ទរកថា លោក គីម ជុងអ៊ុន កាលពីថ្ងៃចូលឆ្នាំសកល ជុំវិញការគំរាមសាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ICBM ក៏បានបង្ហាញយ៉ាងច្បាស់ផងដែរ ពីធម្មជាតិគ្មានហេតុផលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង»។
គួរជំរាបជូនថា គ្រាប់មីស៊ីលផ្លោងខាងលើ បានហោះលើអាកាសក្នុងចំងាយប្រមាណជា ៥០០គីឡូម៉ែត្រ។ ម្យ៉ាងវិញទៀត មុននឹងមានសេចក្ដីរាយ ការណ៍ពីព័ត៌មាននេះ ក្រុមអ្នកវិភាគកូរ៉េខាងត្បូង ធ្លាប់បានអះអាងថា ទីក្រុងព្យុងយ៉ាង ទំនងជាកំពុងរៀបចំការបាញ់សាកល្បងមីស៊ីលផ្លោង អន្តរទ្វីប ICBM ដើម្បីទុកសម្រាប់អបអរសារទរ ខួបកំណើតលើកទី៧៥ នៃអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ។ ដោយឡែក ការបាញ់សាកល្បង នៅថ្ងៃអាទិត្យ នេះទៀតសោត វាត្រូវគ្នានឹងថ្ងៃ ដែលកូរ៉េខាងជើង បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ លើកទី៣ កាលពីឆ្នាំ២០១៣៕