Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង បាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងទំាងព្រឹក ឆ្ពោះទៅកាន់តំបន់សមុទ្រជប៉ុន!

12-02-2017 11:01

(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យនេះ បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងមួយចេញពីតំបន់ Panghyon ឆ្ពោះទៅកាន់សមុទ្រ ខាងកើត ឬសមុទ្រជប៉ុន។ ក៏ប៉ុន្តែភ្លាមៗនោះដែរ គ្រាប់មីស៊ីលនេះពុំទាន់ត្រូវបានគេកំណត់ថាជាមីស៊ីលប្រភេទអ្វីឱ្យប្រាកដនៅឡើយទេ។ នេះ បើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងដែរថា គ្រាប់មីស៊ីលផ្លោងខាងលើ ត្រូវបានទីក្រុងព្យុងយ៉ាងបាញ់សាកល្បង កាលពីម៉ោង ៧៖៥៥នាទី ព្រឹក (ម៉ោងនៅក្នុងតំបន់) ចំណែកឯទីក្រុងសេអ៊ូល ក៏បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ផងដែរ នៅម៉ោង ៩៖៣០នាទី ដើម្បី ចាត់វិធានការ ខណៈគ្រាប់មីស៊ីលផ្លោងនេះ កំពុងស្ថិតនៅក្រោមការវិភាគនៅឡើយ។

គួរបញ្ជាក់ថា គ្រាប់មីស៊ីលផ្លោងខាងលើ បានហោះលើអាកាសក្នុងចំងាយប្រមាណជា ៥០០គីឡូម៉ែត្រ ហើយម្យ៉ាងវិញទៀត មុននឹងមាន សេចក្ដីរាយការណ៍ពីព័ត៌មាននេះ ក្រុមអ្នកវិភាគកូរ៉េខាងត្បូង ធ្លាប់បានគូសបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង ទំនងជាកំពុងរៀបចំការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ដើម្បីទុកសម្រាប់អបអរសារទរខួបកំណើតលើកទី៧៥ នៃអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ។ ដោយឡែក ការបាញ់សាកល្បងនៅថ្ងៃនេះទៀតសោត វាត្រូវគ្នានឹងថ្ងៃដែលកូរ៉េខាងជើង បាញ់សាកល្បងអាវុធនុយក្លេ អ៊ែរ កាលពីឆ្នាំ២០១៣៕