(វ៉ាស៊ីនតោន)៖ សមាជិកមួយរូបនៃគណកម្មការរៀបចំការបោះឆ្នោតសហព័ន្ធអាមេរិក បានស្នើដល់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បង្ហាញពីភស្តុតាងដែលរូបលោកមានទាំងឡាយណា ដែលអាចបញ្ជាក់ក៏ដូចជាគាំទ្រការលើកឡើងដែលថា ការបន្លំសន្លឹកឆ្នោតបានធ្វើឲ្យលោករួមទាំងអ្នកតំណាងរាស្រ្តលោកស្រី Kelly Ayotte ទទួលបរាជ័យនៅរដ្ឋ New Hampshire ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានបន្ទោសថាការក្លែងបន្លំសន្លឹកឆ្នោតគឺជាហេតុបានបណ្តាលរូបលោកនិងលោកស្រី Ayotte ទទួលបរាជ័យនៅរដ្ឋ New Hampshire ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ខណៈពេលដែលកំពុងពិភាក្សាគ្នាជាមួយក្រុមសមាជិកសភានៃគណបក្សមកពីគណបក្សទាំងពីរ (ប្រជាធិបតេយ្យ និងសាធារណរដ្ឋ) ដោយបានលើកឡើងថាកិច្ចខិតខំប្រឹងប្រែងក្នុងការព្យាយាមធ្វើឲ្យលោកស្រី Ayotte ជាប់ឆ្នោតវិញនោះ ត្រូវបានរារាំងដោយមនុស្សជាច្រើនពាន់នាក់ មកពីរដ្ឋ Massachusetts ដែលនៅក្បែរមកធ្វើការបោះឆ្នោតនៅរដ្ឋ New Hampshire។
ជាការឆ្លើយតបលោក Ellen Weintraub ដែលត្រូវបានតែងតាំងទៅក្នុងគណកម្មការរៀបចំការបោះឆ្នោតសហព័ន្ធដោយអតីតប្រធានាធិបតីអាមេរិកលោក George W. Bush បានស្នើឲ្យលោក ដូណាល់ ត្រាំ ធ្វើការចែករំលែកភ្លាមៗនូវភស្តុតាងរបស់លោក ជាមួយសាធារណជនព្រមទាំងអាជ្ញាធរអនុវត្តន៍ច្បាប់ដទៃទៀតដើម្បីអនុញ្ញាតឲ្យការចោទប្រកាន់របស់លោក ត្រូវបានស៊ើបអង្កេតយ៉ាងឆាប់រហ័សនិងដិតដល់។
គួរបញ្ជាក់ថាអតីតបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បានទទួលជ័យជម្នះនៅក្នុងរដ្ឋ New Hampshire ដោយប្រផិតប្រផើយបំផុតជាមួយសំឡេងឆ្នោតជិត៣,០០០សំឡេងលើសលោក ដូណាល់ ត្រាំ ខណៈលោកស្រី Kelly Ayotte ជាអ្នកតំណាងរាស្រ្តដែលមកពីគណបក្សសាធារណរដ្ឋដូចលោក ត្រាំ ដែរនោះ បានចាញ់ជាមួយនិងសំឡេងឆ្នោត៧៣៤សំឡេងតិចជាងលោកស្រី Maggie Hassan ជាអ្នកតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យ។
គួររំលឹកដែរថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោក ត្រាំ បាននិយាយថានឹងប្រគល់គណកម្មការពិសេសមួយទើបត្រូវបានបង្កើតថ្មីទៅឲ្យលោក Mike Pence ដែលជាអនុប្រធានាធិបតី ដឹកនាំដើម្បីធ្វើការស៊ើបអង្កេតលើការបន្លំសន្លឹកឆ្នោត ទោះបីជាការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការបន្លំសន្លឹកគឺជារឿងកម្រកើតមានឡើងជាទីបំផុតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ៕