(ប៉េកាំង)៖ ដោយរួមបញ្ចូលទាំងការសម្តែងភាពមិនពេញចិត្តក៏ដូចជារិះគន់ខ្លាំង និងការធ្វើការទូតក្រៅឆាកទៀតនោះ ប្រទេសចិនទំនងជាបាននាំមុខចំនួនមួយពិន្ទុហើយ នៅក្នុងការប្រកួតប្រជែងគ្នាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធាធិបតីនៃប្រទេសទាំងពីរ បានធ្វើការសន្ទនាជាមួយគ្នាលើកដំបូងបំផុត ហើយលោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ប្រាប់លោក ស៊ី ជីនពីង ដោយផ្ទាល់មាត់ថា រដ្ឋាភិបាលវ៉ាស៊ីនតោននឹងគោរពតាម «គោលនយោបាយចិនតែមួយ» ដែលសំខាន់បំផុតចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ចេញពីសារព័ត៌មានចិន នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅមុនពេលស្បថឡើងកាន់តំណែងជាផ្លូវការប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឲ្យទីក្រុងប៉េកាំងមានការមិនពេញចិត្តជាខ្លាំង ដោយសារការសន្ទនាទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន ហើយក្រោយមកទៀតបានជះមន្ទិលសង្ស័យទៅលើ «នយោបាយចិនតែមួយ» ដែលនៅក្នុងនោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនទទួលស្គាល់គោលជំហររបស់ចិនថា នៅលើពិភពលោកនេះមានចិនតែមួយទេហើយកោះតៃវ៉ាន់គឺគ្រាន់តែជាផ្នែកមួយរបស់ចិនប៉ុណ្ណោះ។ ប៉ុន្តែលោក ត្រាំ បានផ្លាស់ប្តូរចិត្តវិញនិងបានយល់ព្រមក្នុងការគោរពតាម «គោលនយោបាយចិនតែមួយ» ដែលកំពុងធ្វើឲ្យមានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។
គួរបញ្ជាក់ថាទោះជាបែបនេះក្តីបញ្ហាខ្វែងគំនិតគ្នាមួយចំនួនទៀត រវាងមហាអំណាចពិភពលោកទាំងពីររួមមាន រូបិយប័ណ្ណ ការធ្វើពាណិជ្ជកម្ម តំបន់សមុទ្រចិនខាងត្បូង និងកូរ៉េខាងជើងពុំត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍សាធារណៈ ស្តីពីកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះឡើយ៕