(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Yun Byung Se នឹងបំពេញទស្សនកិច្ចនៅប្រទេសតំបន់អឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំ G-20 ពីថ្ងៃទី១៦-១៧ ខែកុម្ភៈខាងមុខនេះ ហើយក្រៅតែពីវេទិកាសេដ្ឋកិច្ចនោះ លោកនឹងឆ្លៀតឱកាសក្នុងនាមរដ្ឋាភិបាលកូរ៉េខាងត្បូង ស្នើដល់សហភាពអឺរ៉ុបទាំងមូលតែម្តងនៅក្នុងវេទិកាសន្តិសុខទីក្រុង Munich លើកទី៥៣ ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឲ្យដាក់សម្ពាធបន្ថែមទៅលើប្រទេសកូរ៉េខាងជើង ដើម្បីឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ-មីស៊ីល ដែលកំពុងបង្កអសន្តិសុខខ្លាំងនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏ទើបតែបានពិភាក្សាគ្នារួចផងដែរកាលពីសប្តាហ៍មុននៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី លោក ជីម ម៉ាតទីស ស្តីពីវិធានការទប់ទល់នឹងកូរ៉េខាងជើង ដូចជាការដាក់ពង្រាយប្រព័ន្ធ THAAD ជាដើម ដែលអាមេរិកធានារ៉ាប់រងចំពោះការការពារសន្តិសុខរបស់សម្ព័ន្ធមិត្ត នៅតំបន់អាស៊ីបូព៌ាមួយនេះយ៉ាងដាច់ខាត។ សម្រាប់គោលដៅនៃការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបនេះ គឺទំនងជាទីក្រុងសេអ៊ូលធ្វើការស្នើឲ្យសហភាពអឺរ៉ុបកៀបសង្កត់កូរ៉េខាងជើង តាមរយៈពាណិជ្ជកម្ម និងការទូតផងដែរ៕