(សេអ៊ូល)៖ មន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចិនបានបណ្តេញអ្នកផ្សព្វផ្សាយសាសនាគ្រិស្តកូរ៉េខាងត្បូងចំនួន៣២នាក់ចេញពីប្រទេស នៅចំពោះមុខភាពតានតឹងការទូតរវាងប្រទេសទាំងពីរ ជុំវិញគំរោងនៃការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបុគ្គលទាំង៣២នាក់ខាងលើមានមូលដ្ឋាននៅតំបន់ Yanji ភាគឦសានប្រទេសចិន ក្បែរព្រំដែនជាមួយកូរ៉េខាងជើង ហើយភាគច្រើនបានបំពេញការងារនៅទីនោះអស់រយៈពេលមិនក្រោម១០ឆ្នាំនោះឡើយ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមអ្នកកាន់សាសនាគ្រិស្តរបស់ខ្លួន បានស្នាក់នៅក្នុងប្រទេសចិនក្រោមបេសកកម្មផ្សព្វផ្សាយសាសនា ហើយពួកគេត្រូវបានបញ្ជូនឲ្យត្រឡប់មកមាតុភូមិវិញកាលពីខែមករាកន្លងទៅ។ ក្រសួងដដែលក៏បានគូសបញ្ជាក់ដែរថាក្រុមអ្នកផ្សព្វផ្សាយសាសនាគ្រិស្តកូរ៉េខាងត្បូងទាំងអស់ ត្រូវបានណែនាំយ៉ាងត្រឹមត្រូវអំពីសារៈសំខាន់នៃការគោរពប្រតិបត្តិតាមច្បាប់ និងទំនៀមទំលាប់នៅតាមតំបន់ដែលពួកគេធ្វើការ។
សាធារណមតិកូរ៉េខាងត្បូងជាទូទៅជឿជាក់ថា ចិនកំពុងធ្វើការសងសឹកប្រឆាំងនឹងគំរោងរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលក្នុងការបំពាក់ប្រព័ន្ធខែលការពារមីស៊ីល THAAD របស់យោធាសហរដ្ឋអាមេរិក ដើម្បីត្រៀមទប់ទល់ជាមួយការគំរាមកំហែងនៃការវាយប្រហារដោយគ្រាប់មីស៊ីលពីសំណាក់កូរ៉េខាងជើង។ ទោះជាបែបនេះក្តី ពុំមានសញ្ញាមួយណាបង្ហាញពីការពាក់ព័ន្ធដោយផ្ទាល់រវាងការបណ្តេញក្រុមអ្នកផ្សព្វផ្សាយសាសនាខាងលើ និងភាពតានតឹងជុំវិញប្រព័ន្ធ THAAD ឡើយ។ នេះបើតាមការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប ដែលបានស្នើសុំមិនបញ្ចេញអត្តសញ្ញាណ។
មន្រ្តីកូរ៉េខាងត្បូងខាងលើដដែលបានថ្លែងដូច្នេះថា «ជុំវិញបញ្ហានេះពុំការពន្យល់បកស្រាយជាផ្លូវការអ្វីទាំងអស់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយក៏ពុំមានការបញ្ជាក់ថា ករណីនេះមានពាក់ព័ន្ធនឹងគំរោងដាក់ពង្រាយប្រព័ន្ធ THAAD ដែរ»។
គណបក្សកុម្មុយនិស្តចិនធ្លាប់បាននិយាយថា ខ្លួនមានការប្តេជ្ញាខ្ពស់ក្នុងការការពារសិទ្ធិសេរីភាពនៃការគោរពសាសនា ប៉ុន្តែក៏រក្សាភាពតឹងរ៉ឹងទៅលើសកម្មភាពផ្សព្វផ្សាយសាសនាផ្សេងៗផងដែរ ហើយផ្តល់ការអនុញ្ញាតតែចំពោះគ្រឹះស្ថានសាសនាណាដែលមានការទទួលស្គាល់ប៉ុណ្ណោះ។ រីឯចំនួនអ្នកផ្សព្វផ្សាយសាសនាគ្រិស្តរបស់កូរ៉េខាងត្បូងដែលធ្វើការនៅក្នុងប្រទេសចិនវិញ ប្រហែលជាមានដល់ទៅ១,០០០នាក់ ហើយភាគច្រើនស្ថិតនៅភាគឦសានប្រទេស និងជាច្រើននាក់បានជួយអ្នកដែលរត់គេចខ្លួនចាកចេញពីកូរ៉េខាងជើង ឲ្យធ្វើដំណើរទៅកាន់ប្រទេសទីបី រួមមានទាំងកូរ៉េខាងត្បូងផងដែរ។
គួរបញ្ជាក់ថា រ៉ាដានៃប្រព័ន្ធខែលការពារមីស៊ីល THAAD មានសមត្ថភាពក្នុងការជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទឹកដីរបស់ប្រទេសចិន ជាហេតុធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងមានការជំទាស់ជាខ្លាំងចំពោះគំរោងនៃការបំពាក់ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់អាមេរិកនេះនៅលើទឹកដីកូរ៉េខាងត្បូង ដោយបានលើកយកហេតុផលថាវានឹងបង្កអស្ថិរភាពដល់សន្តិសុខនៅក្នុងតំបន់ និងគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខក៏ដូចជាសុវត្ថិភាពរបស់ចិន ហើយក៏មិនអាចជួយអ្វីបានក្នុងការកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េដែរ៕