(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុនគឺជាមូលដ្ឋានស្នូលដ៏សំខាន់បំផុតមួយ ដែលជួយបន្តរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ បន្ទាប់ពីបានជួបពិភាក្សាជាមួយលោក ស៊ីនហ្សូ អាបេ នៅឯសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ដូណាល់ ត្រាំ បានជៀសវាងលើកឡើងពីការចោទប្រកាន់ដែលរូបលោកធ្លាប់បាននិយាយកាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថា ជប៉ុនបានកេងចំណេញលើជំនួយផ្នែកសន្តិសុខ និងការងាររបស់សហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយដូច្នេះថា «យើងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន និងរាល់តំបន់ទាំងអស់ដែលស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់ទីក្រុងតូក្យូ ហើយសន្យាថានឹងពង្រឹងសម្ព័ន្ធភាពដ៏សំខាន់រវាងប្រទេសយើងទាំងពីរ។ ម៉្យាងវិញទៀតចំណងទាក់ទងរវាងប្រជាជាតិទាំងពីរ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមានភាពស៊ីជម្រៅយ៉ាងខ្លាំង»។
សេចក្តីថ្លែងការណ៍រួមអាមេរិក-ជប៉ុនខាងលើបានបញ្ជាក់ទៀតថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តជប៉ុនតាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងសមត្ថភាពយោធាផ្សេងៗទៀតគឺពុំមានការផ្លាស់ប្តូរឡើយ។ សេចក្តីថ្លែងការណ៍នេះអាចបង្ហាញពីភាពជោគជ័យមួយរបស់លោក អាបេ ដែលបានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនិងគោលបំណងចង់អភិវឌ្ឍន៍ការជឿទុកចិត្តគ្នា និងមិត្តភាពជាមួយប្រធានាធិបតីអាមេរិកថ្មី ក៏ដូចជាដើម្បីផ្ញើសារទៅកាន់ពិភពលោកផងដែរថា សម្ព័ន្ធភាពរាប់ទសវត្សរ៍នេះគ្មានការរង្គោះរង្គើរឡើយ ទោះបីជានៅចំពោះមុខការកើនឡើងនៃឥទ្ធិពលរបស់ចិនយ៉ាងណាក្តី។
នៅក្រោយជំនួបពិភាក្សានៃមេដឹកនាំប្រទេសទាំងពីរនេះដែរ ជប៉ុននៅតែបន្តទទួលបានការគាំទ្រពីសំណាក់សហរដ្ឋអាមេរិកដដែល សម្រាប់បញ្ហាជម្លោះជាមួយទីក្រុងប៉េកាំងជុំវិញប្រជុំកោះនៅតំបន់សមុទ្រចិនខាងកើត ដែលចិនបានទាមទារថាជាទឹកដីរបស់ខ្លួន។ លោក ដូណាល់ ត្រាំ និងលោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថាមាត្រាទី០៥នៃសន្ធិសញ្ញាសន្តិសុខជាតិអាមេរិក-ជប៉ុន រាប់បញ្ចូលទាំងប្រជុំកោះ Senkaku ក្រោមការកាន់កាប់របស់រដ្ឋាភិបាលទីក្រុងតូក្យូនៅតំបន់សមុទ្រចិនខាងកើត ដែលទីក្រុងប៉េកាំងហៅថាជាប្រជុំកោះ Diaoyu។
ក៏ប៉ុន្តែភាពមន្ទិលសង្ស័យនៅតែបន្តកើតមានក្នុងផ្នែកមួយចំនួន ជាពិសេសគឺការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីលោក ត្រាំ ភ្លាមៗក្រោយពីបានស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក បានចេញបទបញ្ជាដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរ-ប៉ាស៊ីហ្វិក (TPP) ជាបន្ទាន់។ លោក អាបេ បាននិយាយថាអាមេរិកនិងជប៉ុនបានព្រមព្រៀងគ្នា លើក្របខ័ណ្ឌថ្មីសម្រាប់កិច្ចសន្ទនាស្តីវិស័យសេដ្ឋកិច្ចរវាងសម្ព័ន្ធមិត្តទាំងពីរ ហើយលោកសង្ឃឹមថានឹងទទួលបានលទ្ធផលជាផ្លែផ្កាល្អពីកិច្ទសន្ទនាថ្មីនេះ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីជប៉ុននិងលោកប្រធានាធិបតីអាមេរិក បានធ្វើដំណើរចាកចេញតាមរយៈយន្តហោះ Air Force One ឆ្ពោះទៅកាន់កន្លែងសម្រាកលំហែរកាយឯកជន Mar-a-Lago របស់លោក ត្រាំ ដែលស្ថិតនៅទីក្រុង Palm Beach នៃរដ្ឋ Florida ហើយសម្រាប់ចុងសប្តាហ៍នេះ។ សេតវិមានបានប្រកាសថាការធ្វើដំណើរនេះគឺជាអំណោយផ្លូវការមួយរបស់លោក ត្រាំ ជូនចំពោះលោក អាបេ៕