(ម៉ានីល)៖ ចំនួនមនុស្សស្លាប់បានកើនដល់១៥នាក់ហើយ និងជាង១០០នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រីកកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីននៅយប់ថ្ងៃសុក្រម្សិលមិញនេះ ហើយវាក៏បានបង្កការបំផ្លិចបំផ្លាញដល់អគារក៏ដូចជាកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់ជាច្រើនផងដែរ។ នេះបើតាមសម្តីរបស់អាជ្ញាធរហ្វីលីពីន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ជាមួយគ្នានេះមជ្ឈមណ្ឌលប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ិហ្វិក បានឲ្យដឹងថាពុំមានការគំរាមកំហែងពីរលកយក្សស៊ូណាមិណាមួយត្រូវបានបង្កឡើងដោយគ្រោះរញ្ជួយដីនេះឡើយ។ ប៉ុន្តែយោងតាម លោក Rise Recabo ប្រធានក្រុមប្រឹក្សាក្រុង Surigao ចរន្តអគ្គិសនីរួមទាំងប្រព័ន្ធផ្គត់ផ្តង់ទឹកស្អាតជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ ខណៈស្ពានមួយខ្សែ និងសណ្ឋាគារមួយបានដួលរលំ និងលំនៅឋានមួយចំនួនទៀតបានទទួលរងការខូចខាត។ រីឯអាកាសយានដ្ឋាន Surigao វិញត្រូវបានបិទទ្វារផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារតែស្នាមប្រេះនៅលើផ្លូវហោះហើរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនាយប់ថ្ងៃសុក្រម្សិលមិញគឺមានកម្រិតដ៏ខ្លាំងបំផុត ដែលបានវាយប្រហារលើទីក្រុង Surigao គិតចាប់តាំងពីឆ្នាំ១៨៩៧មក ហើយប្រទេសហ្វីលីពីនវិញ គឺស្ថិតនៅចំតំបន់ដ៏គ្រោះថ្នាក់បំផុតដែលគេហៅថា «Pacific Ring of Fire» ជាហេតុបណ្តាលឲ្យទទួលរងការវាយប្រហារពីគ្រោះរញ្ជួយផែនដីយ៉ាងញឹកញាប់បែបនេះ៕