(លីម៉ា)៖ រដ្ឋាភិបាលប្រទេសប៉េរូនៅថ្ងៃបានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ៣០,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ព័ត៌មានដែលអាចឈានដល់ការចាប់ខ្លួនអតីតប្រធានាធិបតីលោក Alejandro Toledo។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីប្រកាសខាងលើត្រូវបានបង្ហើបឡើងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉េរូលោក Carlos Basombrio នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ Canal N។ លោក Basombrio បាននិយាយដូច្នេះថា «ជនទាំងឡាយណាក៏ដោយនៅទូទាំងពិភពលោក ដែលមានដំណឹងពីកន្លែងតាំងនៅបច្ចុប្បន្នរបស់អតីតប្រធានាធិបតីប៉េរូលោក Alejandro Toledo នោះនឹងទទួលបានប្រាក់រង្វាន់ចំនួន៣០,០០០ដុល្លារ»។
កាលពីថ្ងៃសុក្រម្សិលមិញនេះតុលាការប៉េរូបានចេញដីកាឃាត់ខ្លួនថ្នាក់ជាតិ និងអន្តរជាតិប្រឆាំងនឹងលោក Toledo ហើយបានអំពាវនាវឱ្យកំណត់ទីតាំងស្នាក់ នៅរបស់លោកនៅឯបរទេសឱ្យបានឆាប់រហ័ស។ ជាងនេះទៅទៀតលោកចៅក្រម ក៏បានសម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន អតីតប្រធានាធិបតីរូបនេះចំនួន ១៨ខែ ផងដែរពីបទពុករលួយ និងរំលោភអំណាច។ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ន អាជ្ញាធរពុំទាន់អាចកំណត់ទីតាំងជាក់លាក់ដែលលោក Toledo ស្នាក់នៅនោះទេ ខណៈមានសេចក្ដីរាយការណ៍ថា លោកបានធ្វើដំណើរទៅកាន់ប្រទេសបារាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
គួរបញ្ជាក់ថា លោក Alejandro Toledo ធ្លាប់កាន់តំណែងជាប្រធានាធិបតីប៉េរូ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងទឹកប្រាក់ជាង ២០លានដុល្លារ ក្នុងសំណុំរឿងគំរោងសាងសង់ផ្លូវ Highway តភ្ជាប់ពីប្រទេសប៉េរូទៅកាន់ប្រទេសប្រេស៊ីល ក្រោមការដឹកនាំគំរោងដោយក្រុមហ៊ុន Odebrecht និងក្រុមហ៊ុនសំណង់ប្រេស៊ីលមួយចំនួន៕